ក្នុងកំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានពាក្យចចាមអារាមពីចំណោមប្រជាពលរដ្ឋជាច្រើននិយាយអំពីលេខទូរស័ព្ទហៅចូលចំឡែកៗប្រល័យជីវិតមនុស្សអស់បួនប្រាំនាក់ ដែលធ្វើឲមានការភ្ញាក់ផ្អើល និងការផ្តាំផ្ញើរបងប្អូន ញាតិមិត្តតៗគ្នាស្ទើរពេញប្រទេសថាកុំឲទទួលទូរស័ព្ទលេខចំឡែកទាំងនោះ។
មានអ្នកខ្លះនិយាយថា មានលេខទូរស័ព្ទហៅចូលពណ៌ក្រហម ហើយអ្នកទទួលការហៅចូលនោះបានស្លាប់ដោយសារទូរស័ព្ទរបស់ខ្ឡួនបានផ្ទុះពេលកំពុងនិយាយ។ អ្នកខ្លះទៀតនិយាយថា មានលេខទូរស័ព្ទពណ៌ក្រហមហៅចូល ហើយអ្នកទទួលទូរស័ព្ទនោះក្រោយពីនិយាយបានប្រហែលពីរម៉ោងក៏បានគាំងបេះដូងស្លាប់។
មនុស្សមួយចំនួនទៀតនិយាយថា មានទូរស័ព្ទហៅចូលលេខ៩៩៩៩៩៩៩៩៩ ឬ ០០០០០០០០០ ហើយអ្នកទទួលការហៅចូលបានស្លាប់ដោយសារទូរស័ព្ទផ្ទុះពេលកំពុងនិយាយ។
ទោះបីជាយ៉ាងណា ការនិយាយខាងលើនេះមិនមានប្រភពច្បាស់លាស់ទេ វាគ្រាន់តែជាពាក្យចចាមអារាមនិយាយតគ្នាប៉ុណ្ណោះ។
សម្រាប់ប្រជាពលរដ្ឋជាច្រើន មានការជឿស្លុងតែម្តងលើរឿងបែបនេះ ស្របពេលដែលអ្នកខ្លះធ្លាប់បានទស្សនារឿងខ្មោចដែលមានលំនាំស្រដៀងគ្នានេះ។
ប៉ុន្តែបើសិនជាយើងពិចារណាតែបន្តិច ប្រាកដជាគិតថា វាមិនអាចទៅរួចទេ។ ទី១ វាគ្រាន់ជាពាក្យចចាមអារាមដែលមិនមានប្រភព។ ទី២ គ្មានលេខទូរស័ព្ទ៩៩៩៩៩៩៩៩៩ និង ០០០០០០០០០ ទេនៅស្រុកខ្មែរ។ ទី៣ ទូរស័ព្ទវាអាចផ្ទុះមែន ប៉ុន្តែវាជារឿងកម្របំផុតក្នុងលោកនេះ ដូច្នេះវាមិនអាចទៅរួចទេដែលត្រឹមតែមួយពេលខ្លី មានការផ្ទុះដល់ទៅបួនប្រាំករណីបែបនេះ។ ទី៤ ធម្មតាលេខទូរស័ព្ទហៅចូលភាគច្រើនបំផុតគឺពណ៌ខ្មៅ ហើយបើចង់ដូរពណ៌លេខហៅចូលឲមានពណ៌ផ្សេងវិញ មានតែទូរស័ព្ទសេរីទំនើបមួយចំនួនទេដែលអាចធ្វើបាន ប៉ុន្តែគ្រប់លេខដែលហៅចូល វាចេញតាមពណ៌ដែលយើងបានកំណត់ទាំងអស់។ ទី៥ បើមានករណីបែបនេះមែន អាជ្ញាធរប្រាកដជាចាត់វិធានការភ្លាមៗមិនខាន។ល។
Tags: ចំឡែក, ទូរស័ព្ទ, ពាក្យចចាមអារាម, ភ្ញាក់ផ្អើល