ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០០៨ នៅលើសួនច្បារសម្តេច ហ៊ុន សែន ខាងមុខកាស៊ីណូណាហ្គាដែលលេចធ្លោរបាំងបាត់អគារក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អគាររដ្ឋសភា និងអគារពុទ្ធសាសនបណ្ឌិតនោះ មានការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៩ ទិវាកុមារអន្តរជាតិ១មិថុនា ក្រោមប្រធានបទ “ការថែទាំសុខភាពទារក និងកុមារ គឺជាការអភិវឌ្ឍន៍” និងខួបទី៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ “ការអប់រំគឺជាដំណោះស្រាយដ៏សមស្របចំពោះពលកម្មកុមារ”។
ទិវានេះរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការសង្គមស៊ីវិលជាច្រើនដែលធ្វើការជាមួយកុមារ ដោយមានការចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម សុខ អាន និងលោកជំទាវ ជាគណៈអធិបតី។
សន្តរកថាជាច្រើនត្រូវបានថ្លែងនៅក្នុងពិធីនោះដោយផ្តោតជាសំខាន់អំពីការទប់ស្កាត់ពលកម្មកុមារ និងអំពើហិង្សាលើកុមារ និងការជំរុញការសិក្សាអប់រំដល់កុមារ។
ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នាទិវានោះ គឺមានកុមាររើសសម្រាមប្រមាណ៦ឬ៧នាក់មករើសសំបកដបទឹកសុទ្ធ និងកម្ទេចកម្ទីរដែលគេបោះចោលនៅទីនោះ ក្នុងខណៈពេលដែលកុមារជាច្រើនរយនាក់កំពុងស្រែកហ៊ោរសប្បាយរីករាយ លែងល្បែងកំសាន្ត ច្រៀងរាំ សម្តែងសិល្បៈ។ កុមារទាំងនេះត្រូវបានគេមើលរំលង និងមិនត្រូវបានគេយកចិត្តទុកដាក់។ តើមានកុមារប៉ុន្មាននាក់ទៀតដែលកំពុងប្រកបរបរបែបនេះដើម្បីចិញ្ចឹមជិវិត និងគ្រួសារ ?
គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាលហាក់ដូចជាមានការអនុវត្តយឺតយ៉ាវណាស់សម្រាប់លើកតម្កើងជីវភាពរបស់ប្រជាពលរដ្ឋឲ្យមានភាពប្រសើរឡើងដែលអាចឲ្យឪពុកម្តាយបញ្ជូនកូនទៅសាលាបានគ្រប់គ្នា។

ក្រុមកុមារសម្តែងរបាំខាងមុខវេទិកាគណៈអធិបតី

កុមារក្រីក្រកំពុងរើសសម្បកទឹកសុទ្ធ និងសំណល់ដែលគេបោះចោល

ក្រុមកាយឫទ្ធិត្រៀមប្រគល់ប៉ោងប៉ោងដល់គណៈអធិបតីដើម្បីបង្ហោះអបអរសាទរ

កុមារក្រីក្រកំពុងរើសសម្បកទឹកសុទ្ធ និងសំណល់ដែលគេបោះចោល
Tags: Cambodia, phnom penh, ពលកម្មកុមារ, ការអប់រំ, ព្រឹត្តិការណ៍, child day, child labor, education, event, ទិវាកុមារអន្តរជា