រាជធានីភ្នំពេញ : អង្គការសមាគមចំនួនប្រាំបួន ដែលរួមមាន អង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា សមាគមមិត្តវិចិត្រករខ្មែរ សមាគមសិល្បៈករខ្មែរ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សមាគមសិក្សាផ្នែកប្រវត្តិវិទ្យាសិលាចារិក សមាគមកម្ពុជាអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងសារព័ត៌មានដើមអម្ពិល កាលពីថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០០៨ នៅបរិវេនសួនច្បារសាធារណៈទល់មុខវត្តបុទុមវត្តី បានប្រារព្ធពិធីអបអរសាទរជាប្រវត្តិសាស្ត្រដំបូងបង្អស់នៅកម្ពុជា ដើម្បីរំឭក ខួបអនុស្សាររីយ៍ឆ្នាំទី៤៦ នៃថ្ងៃដែលតុលាការអន្តរជាតិទីក្រុងឡាអេបានប្រកាសសាលក្រមទទួលស្គាល់ និងប្រគល់ “ប្រាសាទព្រះវិហារ” ជាទីសក្ការៈ មកឲ្យកម្ពុជាវិញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។
ពិធីនេះ មានការចូលរួមពីព្រះសង្ឃ បុគ្គលិកអង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ អ្នកសិល្បៈ ភ្នាក់ងារសារព័ត៌មានជាតិនិងអន្តរជាតិជាច្រើន ព្រមទាំងមានការផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CTN ទៀតផង។
សន្តរកថាជាច្រើននៅក្នុងពិធីនេះ បានផ្តោតលើប្រវត្តិប្រាសាទព្រះវិហារ ការរំលោភកាន់កាប់ប្រាសាទដោយប្រទេសសៀមកាលពីអតីតកាល ព្រះរាជបូជនីយកិច្ចរបស់សម្តេចព្រះបាទ នរោត្តម សីហនុ ក្នុងការទាមទារពប្រាសាទព្រះវិហារ ការកាត់ក្តីរបស់តុលាការអន្តរជាតិទីក្រុងឡាអេដែលសម្រេចប្រគល់ប្រាសាទនេះមកឲ្យខ្មែរវិញ ទិសដៅអភិវឌ្ឍន៍តំបន់ទេសចរណ៍ទៅកាន់ប្រាសាទព្រះវិហារ និងការជំរុញគាំទ្រការដាក់ប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។
ក្រៅពីនេះក៏មានការសំដែង និងច្រៀងចម្រៀងដែលទាក់ទងនឹងប្រាសាទព្រះវិហារដោយក្រុមសិល្បៈករខ្មែរល្បីៗជាច្រើនរូប។
សម្រាប់ពិធីនេះ ក៏មានការជួយឧបត្ថម្ភគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងឥស្សរជនជាន់ខ្ពស់ខ្មែរ ដូចជាព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គទ្រង់បានផ្ញើជូនព្រះសារលិខិតគាំទ្រចំពោះការបង្កើតព្រឹត្តិការណ៍នេះ សម្តេចនាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ក៏បានឧបត្ថម្ភជាថវិកាផ្ទាល់ខ្លួនចំនួន ១០.០០០ដុល្លាសហរដ្ឋអាមេរិក ហើយឯកឧត្តម កែប ជុតិមា ក៏បានបរិច្ចាកប្រាក់ចំនួន ៥.០០០ដុល្លាសហរដ្ឋអាមេរិកផងដែរ ព្រមទាំងការបរិច្ចាកពីសប្បុរសជនជាច្រើនទៀត។
ខាងក្រោមជារូបភាពជាច្រើនអំពីពិធីនេះ
Tags: 46th, Anniversary, ខួបលើកទី៤៦, ខួបអនុស្សាវរីយ៍, ប្រាសាទព្រះវិហារ, ព្រឹត្តិការណ៍, ភ្នំពេញ, អបអរសាទរ, event, phnom penh, Preah Vihea




June 17, 2008 at 9:46 pm
អរគុណច្រើនដែលបានចែករំលែកព័តមាននិងរូបភាព។ ខ្ញុំមិនបានឃើញរូបភាពច្រើននិងច្បាស់ៗយ៉ាងនេះទេនៅក្នុងបណ្តាញព័ត៌មាននានា។
July 16, 2008 at 2:05 pm
[...] ឆ្នាំនេះមក ដូចជា ព្រឹត្តិការណ៍រំឭកខួបអនុស្សាវរី… [...]