(If you cannot read this article, please click here or install Khmer Unicode)
រាជធានីភ្នំពេញ : ក្នុងដំណើរទស្សនកិច្ចផ្ទាល់ខ្លួនមួយមកកាន់ខែត្របាត់ដំបង និងរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយ និងស្វះស្វែងរកការគាំទ្រពីប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ការអភិរក្សអក្សរសាស្ត្រខ្មែរនៅខែត្រសុរិន្ទ ប្រទេសថៃ (ដែលខែត្រមួយនេះក្នុងចំណោមខែត្រជាច្រើនទៀតជាទឹកដីរបស់ខ្មែរកាលពីអតីតកាល) លោក ជ័យមង្គល បានជួបសំណេះសំណាលជាមួយបងប្អូនខ្មែរជាច្រើនក្រុម និងបានបង្ហាញអំពីកិច្ចការ និងគោលបំណងរបស់លោក។
ដោយឡែកក្នុងជំនួបជាមួយតំណាងសប្បុរសជនមួយក្រុមនៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៨ នេះ លោក ជ័យមង្គល បានសម្តែងនូវទឹកចិត្តសប្បាយរីករាយដែលបានជួបសំណេះសំណាលជាមួយបងប្អូនខ្មែរ និងបានទទួលការគាំទ្រដោយទឹកចិត្ត ថវិកា និងសម្ភារ ក្នុងនាមជាខ្មែរដូចគ្នាទោះតិចក្តីច្រើនក្តី។
លោកបញ្ជាក់ថាមូលហេតុដែលជំរុញលោកឲ្យមានគំនិតបង្រៀនភាសាខ្មែរនេះ ដោយសារលោកមានទឹកចិត្តជាខ្មែរ ស្រឡាញ់អក្សរសាស្ត្រខ្មែរ។ លោកបន្ថែមថា តាមការស្រាវជ្រាវមួយបានប៉ាន់ប្រមាណថានៅសុរិន្ទមានប្រជាពលរដ្ឋដើមកំណើតខ្មែរប្រមាណ ៦០% (ប្រហែលជាង ៧សែននាក់) ប៉ុន្តែក្នុងចំណោមនេះមានមនុស្សប្រមាណ ១% ប៉ុណ្ណោះដែលចេះអាន និងនិយាយខ្មែរ។ លោកបានសួរខ្លួនឯងថាមនុស្សគ្រប់គ្នាសុទ្ធតែមានដើមកំណើតជាខ្មែរ ហេតុអ្វីបានជាមិនមានសាលាភាសាខ្មែរ ហើយហេតុអ្វីបានជាមានមនុស្សតិចម្ល៉េះដែលនិយាយភាសាខ្មែរ។ ដូច្នេះលោកត្រូវទទួលយកកិច្ចការដ៏លំបាកមួយនេះ ក្នុងពេលដែលលោកមិនទាំងដឹងច្បាស់ថាត្រូវចាប់ផ្តើមពីត្រឹមណាឲ្យប្រាកដក៏ដោយ។ មានមនុស្សមួយចំនួននិយាយថាវាហួសពេល ឬមិនអាចទៅរួចទេក្នុងការធ្វើកិច្ចការនេះ ប៉ុន្តែលោកបញ្ជាក់ទៅវិញថាដោយសារតែគំនិតនេះហើយទើបខ្មែរមិនចេះភាសាខ្មែរខ្លួនឯង ហើយបើមិនអាចទៅរួចក៏លោកត្រូវតែធ្វើដែរ ដើម្បីបញ្ជាក់ថាលោកបានខំអស់ពីសមត្ថភាពលោកហើយ ប្រៀបដូចជាអ្នកប្រដាល់ដូច្នោះដែរ។ ទោះជាយ៉ាងណាក៏លោកនៅតែមានក្តីសង្ឃឹមជានិច្ច។
ឆ្លៀតឱកាសនោះផងដែរ លោកជ័យមង្គលសូមអំពាវនាវដល់សប្បុរសជនទាំងអស់ ជាពិសេសប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ មេត្តាជួយគាំទ្រលោក ដើម្បីលោកអាចបន្តសាបព្រោះភាសាខ្មែរយើងនៅលើទឹកដីដែលសម្បូរដោយជនជាតិដើមខ្មែរ។ នេះមិនមែនជារឿងនយោបាយ ឬការបង្កើតក្រុមអ្វីមួយ ឬគាស់រំលើងប្រវត្តិសាស្ត្រ ឬយើងចង់ប្រឆាំងប្រទេសណាមួយនោះទេ តែជាការជួយគ្នាក្នុងនាមជនដែលមានឈាមជ័រដូចគ្នា យ៉ាងហោចណាស់ក៏យើងអាចធ្វើទំនាក់ទំនងរវាងគ្នានិងគ្នាបានស្រួលដែរ។
ជាចុងក្រោយ លោកបានសំដែងនូវអំណរគុណចំពោះសមានចិត្តសប្បុរសជនដែលបានបរិច្ចាកប្រាក់កាស និងសម្ភារសិក្សាដ៏មានតម្លែដែលផុសចេញពីទឹកចិត្តដ៏បរិសុទ្ធសម្រាប់លោក។
ចំណែកតំណាងសប្បុរសជនក៏បានសម្តែងនូវទឹកចិត្តរាប់អាន និងក្តីរីករាយចំពោះជំនួបនេះផងដែរ និងបានសន្យាបន្តស្វែងរកថវិកាតាមលទ្ធភាព ដើម្បីរួមចំណែកលើកតម្កើងអក្សរសាស្ត្រខ្មែរនៅលើដែនដីដែលសម្បូរដោយជនអម្បូរខ្មែរ។
តំណាងសប្បុរសជនខ្មែរបានបរិច្ចាគថវិកា និងសម្ភារមួយចំនួនដែលប្រមូលបាន សរុបចំនួន ២៥២ដុល្លាសហរដ្ឋអាមេរិក និងសៀវភៅអានចំនួន ២៩ក្បាល (សៀវភៅសន្ទនាអង់គ្លេស-ខ្មែរ-បារាំង ចំនួន ៥ក្បាល និងសៀវភៅអានសម្រាប់ក្មេងៗចំនួន ២២ក្បាល) និងខ្មៅដៃចំនួន ៣០ដើម។
សូមបញ្ជាក់ថា លោក ជ័យមង្គលគឺជាស្ថានិកនៃការបង្រៀនភាសាខ្មែរនៅសុរិន្ទ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០០៦មក ដែលរហូតមកដល់ពេលនេះ លោកបានបើកថ្នាក់បង្រៀនភាសាខ្មែរបានចំនួន ៦កន្លែង ដែលមានសិស្សសរុបចំនួន ១៨៤នាក់។ លោកបានកើតនៅស្រុកកោះខាន់ក្នុងខេត្តស្រ៊ីសាកេតដែលជាខេត្តមួយជាប់នឹងខេត្តសុរិន្ទដែរ។ លោកធំដឹងក្តីនៅក្នុងគ្រួសារដែលនិយាយភាសាខ្មែរ ប៉ុន្តែមានតែលោកមួយប៉ុណ្ណោះដែលរក្សាការនិយាយភាសាខ្មែររហូតមកដល់បច្ចុប្បន្ននេះ។ លោកធ្លាប់មកសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីឆ្នាំ ១៩៩៦-១៩៩៧។
គួរបញ្ជាក់ផងដែរថា សុរិន្ទ និងសហគមន៍ផ្នែកខាងជើងភ្នំដងរែក ត្រូវបានគេស្គាល់ថាសម្បូរដោយជនជាតិខ្មែរ និងជាអតីតដែនដីរបស់ខ្មែរ ដែលគេតែងហៅថា “ខ្មែរសុរិន្ទខ្នងភ្នំ”។ មានទីកន្លែង ឬភូមិស្រុកមួយចំនួននៅរក្សាឈ្មោះដើមជាខ្មែរដដែល គ្រាន់តែសរសេរជាភាសាថៃ ដូចជា ភូមិថ្ងៃត្រង់ ជាដើម។
Click here to see the list of contributors

លោក ជ័យមង្គល (រូបកណ្តាល) និងសប្បុរសជន

ជំនួបរវាងលោកជ័យមង្គល និងសប្បុរសជន

ជំនួបរវាងលោកជ័យមង្គល និងសប្បុរសជន
June 18, 2008 at 8:00 am
hi from Khmer blog