ខ្ញុំបានអានសារព័ត៌មាន ឌឹ ឃែមបូឌា ដេលី ថ្ងៃនេះ ហើយបានប្រទះអត្ថបទមួយនិយាយរៀបរាប់ដោយសង្ខេបអំពីប្រវត្តិសាស្ត្រខ្មែរ ជាពិសេសសពាក់ព័ន្ធនឹងជម្លោះរវាងខ្មែរ និងសៀម និងមហិច្ឆតារបស់សៀមក្នុងការពង្រីកទឹកដី និងឥទ្ធិពលរបស់ខ្លួន ហើយឈ្លានពានប្រទេសជិតខាង។
ខ្ញុំសូមដកស្រង់អត្ថបទទាំងស្រុង សម្រាប់ជាការពិចារណា និងស្វែងយល់។
__________________
ដោយ Pierre Yves Clais
ប្រសិនបើគេអានសារព័ត៌មានជាភាសាអង់គ្លេសនៅក្នុងទីក្រុងបាងកក គេនឹងឧស្សាហ៍ភ្ញាក់ផ្អើលចំពោះកង្វះខាតសេចក្ដីរាយការណ៍ដែលមិនបំផ្លើសពាក់ព័ន្ធនឹងជម្លោះអំពីប្រាសាទព្រះវិហារ។
ជាការពិត សារព័ត៌មានរបស់ថៃនេះគ្មានតុល្យភាពឡើយ ហើយហ៊ានទាំងនិយាយថា កម្ពុជាគឺជាអ្នកបង្កបញ្ហាពិតប្រាកដ និងជាអ្នកដែលផ្ទុះអាវុធមុនទៀតផង។
ទាំងសេចក្ដីស្រឡាញ់របស់ខ្ញុំផ្ទាល់ចំពោះការពិត និងមិត្តភាពដែលខ្ញុំមានចំពោះប្រទេសកម្ពុជា បានជំរុញឲ្យខ្ញុំបញ្ជាក់បង្ហាញចំណុចប្រវត្តិសាស្ត្រមួយចំនួនរវាងប្រទេសទាំងពីរនេះ។
នៅជិតដំណាច់សតវត្សរ៍ទី៩ ប្រជាជនដែលមកពីប្រទេសចិនភាគខាងត្បូង បានចាប់ផ្ដើមរស់នៅក្នុងអាណាចក្រខ្មែររហូតដល់ភាគខាងជើងនៃជួរភ្នំដងរែក។ ប្រជាជនទាំងនេះត្រូវបានគេស្គាល់ថា ជាជនជាតិសៀម ហើយក្រោយមកជាជនជាតិថៃ។
ពួកគេបានពង្រឹងខ្លួនឯងជាបន្តបន្ទាប់រហូតដល់តំបន់ដែលពួកគេរស់នៅបានក្លាយជារាជាណាចក្រអយុធ្យារបស់ថៃ។
រាជាណាចក្រនេះបានដណ្ដើមអង្គរចំនួនពីរលើក មួយលើនៅក្នុងឆ្នាំ ១៣៥១ និងមួយលើកទៀតនៅក្នុងឆ្នាំ ១៤៣១ ដោយមួយលើកៗបាននិរទេសប្រជាជនខ្មែរមួយចំនួនធំចេញ ហើយបានដាក់អធិបតេយ្យភាពរបស់ខ្លួនលើកម្ពុជា ដោយរាជាណាចក្រសៀមនេះបានបញ្ចូលបណ្ដាខេត្តទាំងមូលជាឧប្បសម្ព័ន្ធប៉ុន្មានឆ្នាំក្រោយមក។
ដូចគ្នានឹងកោះ “Atlantis” ដែលបានបាត់បង់ ភាគពាយព្យត្រូវបានលេបយកដោយសៀម ហើយភាគខាងកើតដោយវៀតណាមនោះ កម្ពុជាបានស្ថិតនៅក្នុងការឈានទៅរកភាពសាបសូន្យទាំងស្រុង។
ដោយបានដឹងអំពីស្ថានភាពនេះ នៅក្នុងឆ្នាំ ១៨៥៣ ព្រះបាទ អង្គ ដួង បានស្វែងរកអន្តរាគមន៍ពីបារាំង ដែលនៅពេលនោះបានដឹកនាំដោយ ណាប៉ូឡេអុងទី៣។
ភាគីសៀមបានដឹងអំពីសម្ព័ន្ធភាពដែលជិតនឹងបង្កើតឡើងរវាងបារាំងនិងកម្ពុជា ហើយក្រោយមកបានជោគជ័យក្នុងការធ្វើឲ្យសម្ព័ន្ធភាពនេះបរាជ័យ។ ប៉ុន្តែនៅក្នុងឆ្នាំ ១៨៦៣ ជាយថាហេតុ ព្រះបាទនរោត្ដម បានឡាយព្រះហស្ថលេខាលើសន្ធិសញ្ញាអាណាព្យាបាលជាមួយបារាំង។
ឥទ្ធិពលរបស់អង់គ្លេសមានសភាពខ្លាំងក្លានៅសៀម ប៉ុន្តែកិច្ចព្រមព្រៀងបារាំង-អង់គ្លេសថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៨៨៤ បានទទួលស្គាល់រួចទៅហើយថាអាងទន្លេមេគង្គគ្រប់គ្រងដោយបារាំង។ កិច្ចព្រមព្រៀងនេះមិនបានរារាំងសៀមមិនឲ្យបំបែកអាងទន្លេមេគង្គនេះ និងរុលចូលក្នុងប្រទេសឡាវទេ។
នៅក្នុងឆ្នាំ ១៨៩៣ បារាំងអស់ភាពអត់ធ្មត់ចំពោះការរុលចូលជាបន្តបន្ទាប់នេះ ហើយបានបញ្ជូននាវាចំបាំងរបស់ខ្លួនឡើងតាមទន្លេមេណាម ទៅកាន់បាងកក។ ដូច្នេះបារាំងបានរារាំងជំនួញមិនឲ្យទៅដល់សៀមឡើយ ដែលជាហេតុតម្រូវឲ្យតុលាការរបស់សៀមលះបង់ការទាមទាររបស់ខ្លួនលើច្រាំងខាងឆ្វេងនៃទន្លេមេគង្គ។ ព្រមពេលជាមួយនោះ បារាំងបានយកខេត្តចាន់ថាប៊ុន និងខេត្តប៉ាកណាម ជាចំណាប់ខ្មាំង។ កងទ័ពជើងទឹកបារាំងបានកាន់កាប់តំបន់ទាំងនេះរហូតដល់អនុសញ្ញាឆ្នាំ ១៩០៤ប្រគល់ខេត្តកោះកុង និងខេត្តស្ទឹងត្រែងឲ្យមកកម្ពុជាវិញ។ តំបន់ដទៃទៀតរួមមានម្លូព្រៃ (Melou Prei) និងទន្លេរពៅ (Tonle Repou) ដែលត្រូវបានប្រគល់ឲ្យប្រទេសឡាវដោយសៀម ហើយទីបញ្ចប់ត្រូវបានបារាំងប្រគល់ឲ្យមកកម្ពុជាវិញ។
អនុសញ្ញាឆ្នាំ ១៩០៤ បានធ្វើឲ្យមានសន្ធិសញ្ញាឆ្នាំ ១៩០៧ ដែលត្រូវបានធ្វើឡើងដោយបារាំង និងសៀម។ ជាថ្នូរនឹងការប្រគល់មកវិញនូវខេត្ត ត្រាត ខេត្តចាន់ថាប៊ុន និងដែនដី ដានសៃ ដែលបច្ចុប្បន្នស្ថិតនៅក្នុងខេត្តឡៃ ស្ដេចជុឡាលុងកន របស់សៀម (ស្ដេចរាមាទី៥) បានប្រគល់ខេត្តបាត់ដំបង ស៊ូសុផុន និងខេត្តសៀមរាប មកឲ្យបារាំងដែលបានប្រគល់ខេត្តទាំងនេះឲ្យមកកម្ពុជាវិញ។
នៅពេលព្រះបាទស៊ីសុវត្ថិ អាចយាងទៅកាន់អង្គរនៅទីបំផុត ហើយកាន់កាប់ឡើងវិញនូវទឹកដីដែលតែងតែជារបស់ខ្មែរដោយឥតសង្ស័យនោះ ព្រះអង្គបានប្រកាសថា នេះជាកិត្តិគុណដ៏ធំធេងនៃរជ្ជកាលរបស់ព្រះអង្គ។
ប៉ុន្តែសៀមមិនបានបោះបង់ចោលទេ។
ដោយឆ្លៀតយកប្រយោជន៍ពីជម្លោះរបស់បារាំងជាមួយអាល្លឺម៉ង់អំឡុងសង្គ្រាមលោកលើកទី ២ សៀមបានបំពានភ្លាមៗលើកតិកាសញ្ញាស្ដីពីការមិនឈ្លានពានដែលបានចុះហត្ថលេខាជាមួយបារាំងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៤០។
នាយករដ្ឋមន្ត្រីថៃដែលជាសេនាប្រមុខកងទ័ពឈ្មោះ ភីប៊ុនស៊ុងក្រាម បានរៀបចំបាតុកម្មអ្នកជាតិនិយម និងបាតុកម្មប្រឆាំងបារាំងជាបន្តបន្ទាប់នៅបាងកក។ ក្រោយមក ជម្លោះព្រំដែនបានកើតឡើងជាច្រើនលើកច្រើនសារនៅតាមបណ្ដោយមាត់ទន្លេមេគង្គ។ នៅពេលថ្ងៃ កងទ័ពអាកាសរបស់ថៃដែលមានចំនួនច្រើនជាងបានទម្លាក់គ្រាប់បែកលើ វៀងចាន់ ស៊ីសុផុន និងបាត់ដំបង ដោយគ្មានការជំទាស់ពីបរទេសឡើយ។ កងទ័ពអាកាសរបស់បារាំងបានព្យាយាមវាយបកវិញ ប៉ុន្តែការខូចខាតដែលមានគឺតិចតួចបំផុត។
ក្រោយមកនៅខែធ្នូ ឆ្នាំ ១៩៤០ ប្រទេសថៃបានកាន់កាប់ខេត្តប៉ាក់ឡាយ ណិងបាសាក់។ នៅដើមខែមករា ឆ្នាំ ១៩៤១ ក្រុងបាងកកបានធ្វើការវាយប្រហារទៅលើប្រទេសឡាវ និងប្រទេសកម្ពុជា។ ការតស៊ូរវាងបារាំង និងឥណ្ឌូចិនបានកើតមានឡើង ប៉ុន្តែភាគច្រើននៃអង្គភាពយោធាត្រូវបានយកជ័យជំនះដោយកងកម្លាំងថៃដែលបំពាក់អាវុធបានប្រសើរជាង (រថក្រោះបារាំងចំនួន២០គ្រឿង តទល់នឹងរថក្រោះថៃចំនួន ១៤៣គ្រឿង)។
ប្រទេសថៃបានកាន់កាប់ប្រទេសឡាវយ៉ាងលឿន។ ទោះជាយ៉ាងណា ការតស៊ូរបស់បារាំងនៅកម្ពុជាកឺបានល្អជាង។ ត្រឹមថ្ងៃទី១៦ ខែមករា បារាំងបានធ្វើការវាយប្រហារបកដ៏ធំមួយដែលដឹកនាំដោយកងវរសេនាធំ REI ទី៥ (ជាកងវរសេនាធំរបស់កងកម្លាំងបរទេសបារាំង) នៅតាមភូមិយ៉ងដង្គុំ និងភូមិព្រាវ ជាទីដែលការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតនៃសង្គ្រាមនេះបានកើតឡើង។
ការវាយបករបស់បារាំងត្រូវបានរារាំងនិងបានបញ្ចប់ដោយការដកថយ ប៉ុន្តែពួកថៃមិនអាចតាមទាន់កងកម្លាំងរបស់បារាំងទេ ពីព្រោះរថក្រោះរបស់ពួកគេត្រូវបានបាញ់កម្ទេចដោយកាំភ្លើងធំប្រឆាំងរថក្រោះរបស់បារាំង។ ដោយសារខ្វះមធ្យោបាយ កាំភ្លើងធំទាំងនេះត្រូវបានអូសទាញដោយសត្វក្របីទៅកាន់សមរភូមិ។
នៅពេលដែលស្ថានភាពផ្លូវគោកអាចមានគ្រោះថ្នាក់ចំពោះបារាំងនោះ ឧត្ដមនាវីឯក Decoux បានផ្ដល់ភ្លើងខៀវឲ្យធ្វើប្រតិបត្តិការប្រឆាំងកងទ័ពជើងទឹកថៃ។ បទបញ្ជានេះត្រូវបានផ្ដល់ឲ្យកងទ័ពជើងទឹកបារាំងដែលមានស្រាប់ដើម្បីវាយប្រហារឈូងសមុទ្រថៃ។ នៅព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ១៩៤១ “ក្រុមបណ្ដោះអាសន្ន” (កងកម្លាំងដែលប្រមូលផ្ដុំគ្នាសម្រាប់ការប្រយុទ្ធគ្នានាឱកាសនោះ) បានវាយប្រហារកងទ័ពជើងទឹកថៃនៅកោះចាង។ ទោះបីជាកងនាវាថៃមានចំនួនច្រើនជាងយ៉ាងខ្លាំងក៏ដោយ ក៏ប្រតិបត្តិការរបស់កងទ័ពជើងទឹកបារាំងនេះបាននាំមកនូវជ័យជម្នះដ៏ធំដល់ប្រទេសជាតិដែរ។
ក្រោយពីការប្រយុទ្ធនេះ មួយផ្នែកធំនៃកងទ័ពជើងទឹកថៃត្រូវបានកម្ទេច។ ប៉ុន្តែនៅថ្ងៃទី ២៤ ខែមករា ការវាយប្រហារផ្លូវអាកាសចុងក្រោយបានកើតឡើង ខណៈដែលការវាយឆ្មក់ផ្លូវអាកាសរបស់ថៃបានវាយប្រហារអាកាសយានដ្ឋានសៀមរាប។
ប្រទេសជប៉ុនបានធ្វើអន្តរាគមន៍ភ្លាមៗនៅក្នុងជម្លោះនេះជាការគាំទ្រថៃ ហើយបានធ្វើកិច្ចព្រមព្រៀងឈប់បាញ់មុនពេលមានសន្ធិសញ្ញាសន្តិភាពមួយដោយធ្វើឲ្យបារាំងបោះបង់ខេត្តកម្ពុជាគឺខេត្តបាត់ដំបង ខេត្តសៀមរាប ព្រមទាំងខេត្តរបស់ឡាវគឺខេត្តចំប៉ាសាក់ និងខេត្តសាយ៉ាបូរី នៅថ្ងៃទី៩ ខែឧសភា។ ទឹកដីខេត្តទាំងនេះមានទំហំជាង ៥០.០០០គីឡូមែត្រការេ និងមានប្រជាជនរស់នៅចំនួន ៤២០.០០០នាក់។
ទោះជាយ៉ាងណាទឹកដីដែលត្រូវបានដណ្ដើមយកពីកម្ពុជាទាំងនេះត្រូវបានប្រទេសថៃប្រគល់មកឲ្យវិញនៅខែវិច្ចិកា ឆ្នាំ១៩៤៧ ក្រោមការគាបសង្កត់ពីអន្តរជាតិ (សន្ធិសញ្ញាក្រុងវ៉ាស៊ីនតាន)។
ប៉ុន្តែពីឆ្នាំ ១៩៥៣ ទោះជាកម្ពុជាទើបតែទទួលបានឯករាជ្យពីបារាំងក៏ដោយ ក៏ទាហានថៃបានឈ្លានពានប្រាសាទព្រះវិហារ ហើយបានលើកទង់ជាតិរបស់ពួកគេនៅពីលើប្រាសាទព្រះវិហារដែរ។ ៩ឆ្នាំក្រោយមក គឺនៅឆ្នាំ ១៩៦២ ទឹកចិត្តដ៏ឈ្លាសវៃរបស់ព្រះអង្គម្ចាស់ នរោត្ដម សីហនុ នៅពេលនោះ បានត្រួសត្រាយផ្លូវឲ្យទទួលបានសេចក្ដីសម្រេចជាអន្តរជាតិនៅតុលាការយុត្តិធម៌អន្តរជាតិក្នុងទីក្រុងឡាអេ ហើយតម្រូវឲ្យពួកថៃដកទ័ពចេញពីប្រាសាទរបស់ខ្មែរនេះ។
ជាអកុសល ការដកទ័ពរបស់ថៃនេះមានរយៈពេលខ្លី គឺសង្គ្រាមបានកើតឡើងបន្ទាប់ពីនោះបន្តិចមក ហើយប្រាសាទព្រះវិហារស្ថិនៅក្នុងការគ្រប់គ្រងចម្រុះម្ដងទៀត គឺប្រាសាទនេះត្រូវបានកាន់កាប់ដោយទាហានដែលបានប្រយុទ្ធគ្នាជាបន្តបន្ទាប់។
ក្រោយបន្តិចពីការយកជ័យជម្នះលើខ្មែរក្រហមនៅឆ្នាំ ១៩៧៩ ជនភៀសខ្លួនកម្ពុជាបានទៅរស់នៅប្រទេសថៃជាច្រើននាក់ ហើយដើម្បីបង្ហាញពិភពលោកថាខ្លួនមិនអាចគ្រប់គ្រងដោយគ្មានជំនួយអន្តរជាតិនោះ ប្រទេសថៃបានរៀបចំផែនការនូវអ្វីដែលគេអាចចាត់ទុកថាអំពើឃោរឃៅដែលត្រូវបានបង្កើតឡើង។
នៅព្រឹកថ្ងៃសុក្រ ទី៨ ខែមិថុនា ឆ្នាំ១៩៧៩ រថយន្តធំៗចំនួន ១១០គ្រឿងបានចតនៅខាងមុខជំរុំជនភៀសខ្លួនណងចាន់ ដែលមានជនភៀសខ្លួនកម្ពុជារាប់ម៉ឺននាក់រស់នៅ។
ក្រុមមន្ត្រីថៃបានប្រាប់ជនភៀសខ្លួនទាំងនោះថា ពួកគេនឹងត្រូវផ្លាស់ទៅជំរុំមួយទៀតដែលប្រសើរជាងនេះ។ តាមពិត អ្នករួចជីវិតពីអំពើប្រល័យពូជសាសន៍ខ្មែរក្រហមទាំងនោះត្រូវគេបញ្ជូនត្រឡប់ទៅឋាននរកវិញ។
ឆ្ងាយពីជំរុំណងចាន់ ទីតាំងប្រាសាទព្រះវិហារត្រូវបានជ្រើសរើសជាគោលបំណងច្បាស់លាស់មួយដើម្បីស្វែងរកការសងសឹកចំពោះការបាត់បង់ប្រាសាទនេះនៅឆ្នាំ ១៩៦២។ ដោយមានទីចំណោតខ្ពស់នៅតាមព្រៃភ្នំ និងមានមីនរាប់ពាន់គ្រាប់ដាក់នៅជុំវិញប្រាសាទនេះ លទ្ធផលនៃការបង្ខំឲ្យជនភៀសខ្លួនកម្ពុជារាប់ពាន់នាក់ទាំងនោះចាកចេញ អាចត្រូវគេប៉ាន់ស្មានដោយងាយស្រួល។
ជនភៀសខ្លួនដែលមិនមានសំណាងត្រូវបានគេនាំចេញពីរថយន្តទាំងនោះក្រោមការគំរាមកំហែងប្រដាប់អាវុធជានិច្ច។ ឈុតឆាកដ៏គួរឲ្យរន្ធត់បានកើតឡើង។ រយៈពេលពេញមួយយប់ក្រោយពីត្រូវបានគេលួចអស់នូវឥវ៉ាន់របស់ពួកគេជាមុននោះ ជនជាតិកម្ពុជាត្រូវបានគេចាប់រុញបញ្ចូលរថយន្តធំៗដូចជាសត្វនៅចន្លោះទាហានពីរជួរតាមច្រកតូចមួយ។ ទាហានទាំងនោះបានប្រើអាវុធរបស់ពួកគេជាដំបង និងបាញ់ពួកអ្នកដែលមិនព្រមចូលតាមច្រកចង្អៀតនោះ។
ដោយមានការភ័យខ្លាចដោយសារគិតអំពីការដើរជាន់មីនដែលត្រូវបានខ្មែរក្រហមដាក់នៅទីនោះកាលពីមុននោះ ជនភៀសខ្លួនបានប៉ុនប៉ងមិនបន្តដំណើរទៅមុខ។ ប៉ុន្តែពួកថៃបានបន្តរុញជនភៀសខ្លួនចេញកាន់តែច្រើននៅតាមផ្លូវ ហើយបានបង្ខំឲ្យពួកគេដើរកាត់វាលមីន។
ដោយស្រកទឹកផង និងឃ្លានផងនោះ ក្រុមអ្នករួចជីវិតពីអំពើឃោរឃៅនេះត្រូវការពេលបីថ្ងៃដើម្បីឆ្លងកាត់វាលមីនដ៏ធំនេះ ដែលពោរពេញដោយសាកសពរលួយនិងជនរងគ្រោះដែលស្រែករវើរវាយដោយការឈឺចាប់។
គេប៉ាន់ប្រមាណថាប្រជាជនកម្ពុជាជាង ៤៥.០០០នាក់ ត្រូវបានបង្ខំឲ្យចាកចេញពីប្រទេសថៃតាមរបៀបនេះ។ អស់រយៈពេលជាច្រើនថ្ងៃ ជនភៀសខ្លួនទាំងនោះត្រូវបានដឹកទៅកាន់ឋាននរកតាមរថយន្តធំៗជាច្រើនគ្រឿង ដែលបានទម្លាក់ពួកគេចោលនៅព្រះវិហារ។ គេនៅតែមិនអាចវាយតម្លៃបានអំពីចំនួនអ្នករបួសនិងស្លាប់ដោយសារការបណ្តេញចេញនេះ ពីព្រោះខ្មែរក្រហមដែលរង់ចាំស្វាគមន៍ជនភៀសខ្លួនទាំងនេះមិនបានកត់ត្រាទុកទេ។
ជាញឹកញាប់ ទំព័រប្រវត្តិសាស្ត្រដ៏អាក្រក់នេះត្រូវបានគេធ្វើមិនដឹងមិនឮ ហើយគេរក្សារូបភាពដែលសរសេរពាក្យ “ប្រទេសថៃដ៏អស្ចារ្យ” នៅក្នុងកូនសៀវភៅឃោសនាអំពីទេសចរណ៍សព្វថ្ងៃនេះ។
ការប្រព្រឹត្តខុសរបស់ពួកថៃចំពោះខ្មែរទាំងនោះ គួរត្រូវគេចងចាំ ដោយមិនត្រូវដាក់ឲ្យប្រជាពលរដ្ឋទាំងពីរប្រឆាំងគ្នាឡើយ ប៉ុន្តែការធ្វើដូច្នេះគេអាចរកយុត្តិធម៌បាននៅទីបំផុត។
ទុកឲ្យគេនិយាយថា ប្រជាជនកម្ពុជាមិនវាយប្រហារនរណាម្នាក់ទេ។ ពួកគេដឹងច្បាស់ណាស់ថា តុល្យភាពនៃអំណាចមិនមែនជាប្រៀបរបស់ពួកគេទេ។ ទោះជាយ៉ាងណា ពួកគេប្ដេជ្ញាការពារប្រទេសរបស់ពួកគេតាមរយៈសេចក្ដីក្លាហាន និងការតាំងចិត្ត។ ពួកគេគ្មានជម្រើសផ្សេងទៀតឡើយ។
ប៉ុន្តែប្រទេសថៃមានបញ្ហានយោបាយផ្ទៃក្នុងច្រើនពេកមិនអាចមិនព្យាយាមកេងចំណេញលើរឿងប្រឌិតសម្ព័ន្ធភាពជាតិដ៏ពិសិដ្ឋមួយប្រឆាំងនឹងអ្នកជិតខាងតាមរបៀបឃោរឃៅរបស់ខ្លួន និងការស្លាប់មនុស្សពីអតីតកាលនឹងមិនមានការផ្លាស់ប្ដូរអ្វីឡើយ។
សោកនាដកម្មប្រវត្តិសាស្ត្រនេះមិនងាយបញ្ចប់សោះឡើយ ហើយមិនទំនងជាមានការបញ្ចប់ដោយល្អទេ។
ពលរដ្ឋអាមេរិកមិនចូលចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ទើបមិនគាបសង្កត់លើដៃគូថៃរបស់ពួកគេឲ្យមានដំណោះស្រាយដោយសន្តិវិធី។ ហើយវាមិនទំនងទេដែលថាបារាំងនឹងបញ្ជូននាវារបស់ពួកគេមកប្រឆាំងក្រុងបាងកកម្តងទៀតនោះ។
លោក Pierre Yves Clais បានរស់នៅអស់រយៈពេល ១៧ឆ្នាំក្នុងប្រទេសកម្ពុជា ជាទីដែលគាត់បានមកដល់ជាលើកដំបូងដោយធ្វើជាទាហានប៉ារ៉ារបស់បារាំងនៅសម័យអ៊ុនតាក់។ ជាអ្នកឯកទេសផ្នែកទេសចរណ៍ គាត់ជាអ្នកនិពន្ធធ្វើដំណើរ និងមានផ្ទះសំណាក់ Terres Rouges Lodge ជាមួយប្រពន្ធរបស់គាត់នៅក្នុងខេត្តរតនគិរី។
Tags: ជនរងគ្រោះពីរបបខ្មែរក្រហម, ជម្លោះខ្មែរសៀម, ប្រវត្តិសាស្ត្រខ្មែរ, ប្រាសាទព្រះវិហារ, ភាពឃោរឃៅរបស់ចោរសៀម, សៀមឈ្លានពានខ្មែរ, សៀមមិនចោលពុតត្បុត, Khmer History, Khmer-Siem Conflict, Preah Vihear Temple, Siem invades Khmer
July 12, 2009 at 9:03 pm |
[...] Credited to coollove. [...]