ថ្ងៃនេះ ខ្ញុំបានទៅបើកលេខទូរស័ព្ទថ្មីមួយនៅ HELLO Point ដែលជាការិយាល័យមួយសម្រាប់ជួយសម្រួលដល់អតិថិជនរបស់ក្រុមហ៊ុនទូរស័ព្ទហេឡូ ០១៥-០១៦។ ការិយាល័យនេះស្ថិតនៅក្នុងបរិវេណភ្នំពេញសិនធ័រ ដែលនៅមិនឆ្ងាយប៉ុន្មានពីវិមាន្យឯករាជ្យ។
ខ្ញុំបានរង់ចាំលេខរៀងអស់រយៈពេលជាងមួយម៉ោង ហើយជាលទ្ធផលខ្ញុំមិនបានអ្វីទាំងអស់។ អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំគឺថា បុគ្គលិកភាគច្រើនពេលថ្ងៃត្រង់ហាក់មិនសូវជាយកចិត្តទុកដាក់លើការងារទាល់តែសោះ។ នារីៗជជែកគ្នាលេងសើចសប្បាយហាក់មិនខ្វល់ពីការរង់ចាំរបស់ភ្ញៀវឡើយ។ វាខុសពីពេលដែលការិយាល័យនេះបើកដំបូង ខ្ញុំបានទៅទីនោះម្តងដែរ ហើយបុគ្គលិកពេលនោះរួសរាយរាក់ទាក់សម្បើមណាស់ ហើយដែលវាផ្ទុយពីពេលនេះ១៨០ដឺគ្រេ។
នេះមិនមែនមានតែខ្ញុំទេដែលយល់ថាកន្លែងនេះធ្វើការយឺត សូម្បីតែអ្នកអង្គុយរង់ចាំមួយចំនួនទៀតក៏រអ៊ូអំពីការយឺតយ៉ាវនេះដែរ។ ខ្ញុំមិនដឹងថាតើពេលថ្ងៃត្រង់ដូច្នេះ (ម៉ោង ១២ កន្លះ ដល់ម៉ោង ១៤) ជាពេលបុគ្គលិកសម្រាកឫយ៉ាងណា ទើបគេនាំគ្នានិយាយគ្នាលេង ហើយមិនខ្វល់ពីការរង់ចាំរបស់អតិថិជនដូច្នេះ។
និយាយឲ្យចំទៅ ខ្ញុំមានការមួរម៉ៅដែរដែលទៅអង្គុយរង់ចាំហាក់ដូចជាទៅសុំទានគេយ៉ាងយូរបែបនេះ។
បើសិនជាអ្នកគ្រប់គ្រងក្រុមហ៊ុនបានអាន ឫបានដឹងអំពីព័ត៌មាននេះ គួរតែចាត់ចែងរៀបរយបុគ្គលិកផង។
ដោយបំណងល្អពីអតិថិជនក្រុមហ៊ុន TM។













