ដកស្រង់ចេញពី សៀវភៅណែនាំអំពីការយកព័ត៌មានស៊ើបអង្កេត ៖ មគ្កុទ្ទេសក៍សម្រាប់អ្នកកាសែតខ្មែរ រៀបរៀង និងបោះពុម្ពដោយ Internews Cambodia
| ១៨៦៣ | ប្រទេសកម្ពុជាក្លាយជាប្រទេសក្រោមអាណានិគមបារាំង។ |
| ១៩៣៥ | ទស្សនាវដ្ដីអក្សរសាស្ត្ររាត្រីថ្ងៃសៅរិ៍ ត្រូវបានគេបោះពុម្ពផ្សាយ។ |
| ១៩៣៩ | សារព័ត៌មានជាភាសាខ្មែរដំបូងបំផុតឈ្មោះនគរវត្ត ត្រូវបានបោះពុម្ពផ្សាយនៅក្នុងប្រទេសកម្ពុជា ដោយអ្នកជាតិនិយមខ្មែរបីរូប គឺលោក ប៉ាច ឈឺន លោក ស៊ឹម វ៉ា និងលោក ស៊ឺង ង៉ុកថាញ់។ |
| ១៩៤២ | កាសែតនគរវត្ត ត្រូវបានពួកបារាំងរឹបអូស ដោយចោទប្រកាន់កាសែតនេះថាជាតិនិយមជ្រុល។ ហើយលោក ប៉ាច ឈឺន ត្រូវបានចាប់ខ្លួន ចំណែកឯលោក ស៊ឺង ង៉ុកថាញ់ បានភៀសខ្លួនទៅកាន់ប្រទេសថៃ បន្ទាប់មកទៅប្រទេសជប៉ុន។ |
| ១៩៤៥ | លោក ស៊ឺង ង៉ុកថាញ់ ត្រឡប់មកប្រទេសកម្ពុជាវិញ រួចបន្តបោះពុម្ពផ្សាយកាសែតនគរវត្តសារជាថ្មីឡើងវិញនៅពេលប្រទេសកម្ពុជាកំពុងស្ថិតក្រោមការត្រួតត្រារបស់កងទ័ពជប៉ុនមួយរយៈពេលខ្លី។ |
| ១៩៤៧ | ច្បាប់រដ្ឋធម្មនុញ្ញដំបូងបង្អស់របស់ប្រទេសកម្ពុជា ត្រូវបានសភាអនុម័ត។ សារព័ត៌មានកាន់តែមានសេរីភាព និងបានចេញផ្សាយកាន់តែច្រើនឡើង។ |
| ១៩៥១ | ទីភ្នាក់ងារសារព័ត៌មានខ្មែរ ត្រូវបានបង្កើតឡើងដោយបោះពុម្ពជាប្រភេទព្រឹត្តិបត្រព័ត៌មានជាភាសាខ្មែរ បារាំង និងអង់គ្លេស ហើយមានអ្នកអានប្រហែល ២០០០នាក់។ |
| ១៩៥២ | លោក ស៊ឹង ង៉ុកថាញ់ បានបោះពុម្ពផ្សាយកាសែតមួយទៀតដែលមានឈ្មោះថា ខ្មែរក្រោក ប៉ុន្តែមួយខែក្រោយមកកាសែតនេះត្រូវបានបិទទៅវិញដោយសារបញ្ចូលទស្សនៈខ្លាំងៗទាមទារឲ្យមានការកែទម្រង់ប្រព័ន្ធនយោបាយខ្មែរ។ |
| ១៩៥៣ | ប្រទេសកម្ពុជាបានទទួលឯករាជ្យពីបារាំង។ |
| ៣ មីនា ១៩៥៥ | ព្រះបាទ នរោត្តម សីហនុ បានដាក់រាជបល្ល័ង្គ ហើយបីថ្ងៃក្រោយមកបានបង្កើតគណបក្សសង្គមរាស្ត្រនិយម។ កាសែត និងទស្សនាវដ្ដីជាច្រើនដែលគាំទ្រគណបក្សសង្គមរាស្ត្រនិយមបានចេញផ្សាយ។ |
| ១ មេសា ១៩៥៥ | កាសែតលួចលាក់មួយឈ្មោះប្រជាជន ត្រូវបានបង្កើតឡើង ដើម្បីផ្សព្វផ្សាយឃោសនាអំពីលទ្ធិកុម្មុយនិស្ត។ |
| ២០ មិថុនា ១៩៥៥ | បងប្រុសរបស់ប៉ុល ពត គឺលោក សាឡុត ឆាយ បានចេញផ្សាយកាសែតសាមគ្គី។ |
| ១ មករា ១៩៥៩ | ឪពុករបស់លោក សម រង្ស៊ី គឺលោក សម សារី បានចេញផ្សាយកាសែតរាស្ត្រធិបេតយ្យ ក្រោយពីមានទំនាស់ជាមួយព្រះប្រមុខរដ្ឋ សម្ដេច នរោត្ដម សីហនុ។ |
| ២ សីហា ១៩៥៩ | លោក ខៀវ សំផន បានចេញផ្សាយកាសែតជាភាសាបារាំង ឡុប សឺវ៉ាទើរ៍ (L’Observateur) និយាយរិះគន់ក្រុមអភិរក្សនិយម។ |
| ១១ តុលា ១៩៥៩ | លោក ណុប បូផាន់ នាយកការផ្សាយកាសែតប្រជាជនត្រូវបានគេបាញ់សម្លាប់ក្នុងទីក្រុងភ្នំពេញ។ |
| ១៩៦៥ | ព្រឹត្តិបត្រព័ត៌មានប្រចាំខែរបស់សម្ដេច នរោត្ដម សីហនុ Les Paroles de S.P.N Sihanouk ដែលគេហៅថា បេអិមដេ (Bulletin Mensuel de Documentation) ត្រូវបានបោះពុម្ពផ្សាយដោយខុទ្ទកាល័យព្រះបរមរាជវាំង។ |
| ១១ សីហា ១៩៦៦ | សម្ដេច នរោត្ដម សីហនុ បង្កើតព្រឹត្តិប័ត្រផ្សាយជាពីរភាសា ខ្មែរ និងបារាំង ដើម្បីរិះគន់រដ្ឋាភិបាល។ |
| ១៩៦៧ | លោក ស៊ឹម វ៉ា បានចេញផ្សាយកាសែតខ្មែរឯករាជ្យ និយាយរិះគន់សម្ដេច នរោត្ដម សីហនុ។ |
| ១៩៦៧ | លោក នុត ឈឿន ប្រធានខុទ្ទកាល័យសម្ដេច នរោត្ដម សីហនុ បានចេញផ្សាយកាសែតសុជីវធម៌ ដែលអាចលក់បាន ១១,០០០ច្បាប់ក្នុងមួយលេខ។ កាសែតនេះលក់ដាច់ខ្លាំងដោយសារតែមាននិយាយពីរឿងអាសអាភាស។ |
| ១៩៦៩ | ក្មួយប្រុសរបស់លោក ស៊ឹម វ៉ា គឺលោក សុទ្ធ ប៉ូលីន ចេញផ្សាយកាសែតនគរធំ ដែលមានចុះផ្សាយវិចារណកថាគាំទ្រពួកសាធារណរដ្ឋ។ |
| ១៩៧០ | កាសែតកោះសន្តិភាព ត្រូវបានចេញផ្សាយដោយលោក ស៊ូ សន លោក នុត ឈឿន និងលោក ជូថានី។ |
| ១៨ មីនា ១៩៧០ | សម្ដេច នរោត្ដម សីហនុ ត្រូវបានទម្លាក់ពីអំណាចដោយរដ្ឋប្រហាររបស់លោកសេនាប្រមុខ លន់ ណុល។ ពេលនោះមានកាសែតប្រហែល៣០បន្តចេញផ្សាយ។ |
| ២៩ ធ្នូ ១៩៧០ | រដ្ឋាភិបាលរបស់លោក លន់ ណុល បានកំណត់ឲ្យមានការត្រួតពិនិត្យមុនការបោះពុម្ពផ្សាយរបស់កាសែត ហើយក្រោយមកបានបញ្ឈប់លែងឲ្យមានសេរីភាពខាងសារព័ត៌មាន។ ពេលនោះមានកាសែតជាច្រើនបានបញ្ចប់ការបោះពុម្ពផ្សាយរបស់ខ្លួន។ |
| ២៣ មេសា ១៩៧៣ | ច្បាប់អាជ្ញាសឹកត្រូវបានប្រកាសឲ្យប្រើដោយបង្កឲ្យមានការគម្រាមកំហែង និងវាយប្រហារទៅលើអ្នកកាសែត។ រថយន្តរបស់លោក សុទ្ធ ប៉ូលីន ត្រូវបានបំផ្ទុះដោយគ្រាប់បែកបង្កៃ ប៉ុន្តែរូបលោកបានរួចផុតជីវិតពីការវាយប្រហារនេះ។ |
| ១៧ មេសា ១៩៧៥ | ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបខ្មែរក្រហម។ ប្រជាជនប្រមាណ ១លាន ៧សែននាក់បានស្លាប់។ គ្មានសារព័ត៌មានឯកជនណាមួយអាចចេញផ្សាយបានទេ លើកលែងតែទស្សនាវដ្ដី និងស្ថានីយវិទ្យុដែលគ្រប់គ្រងដោយអង្គការខ្មែរក្រហមអាចផ្សព្វផ្សាយពាក្យស្លោករបស់កុម្មុយនីស្តតែប៉ុណ្ណោះ។ រដ្ឋាភិបាលខ្មែរក្រហមបានចេញផ្សាយទស្សនាវដ្ដីចំនួនបី រួមមាន ទស្សនាវដ្ដីទង់បដិវត្ដន៍ ទស្សនាវដ្ដីទង់ក្រហម និងទស្សនាវដ្ដីយុវជនយុវនារីបដិវត្តន៍ ព្រមទាំងទស្សនាវដ្ដីរូបភាពមួយផងដែរ។ ទស្សនាវដ្ដីទាំងនេះអានដោយពួកកម្មាភិបាលខ្មែរក្រហម។ |
| ២ ធ្នូ ១៩៧៨ | រណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា (KNLF) ដែលគាំទ្រដោយវៀតណាម ត្រូវបានបង្កើតឡើងនៅក្នុងស្រុកស្នួល ខេត្តក្រចេះ ជាប់ព្រំដែនវៀតណាម។ រណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា បានបង្កើតទីភ្នាក់ងារសារព័ត៌មានកម្ពុជា (SPK) និងស្ថានីយ៍វិទ្យុមួយផងដែរ។ |
| ៧ មករា ១៩៧៩ | ខ្មែរក្រហមត្រូវបានផ្ដួលរំលំដោយកងទ័ពវៀតណាមចូលឈ្លានពាន។ ប្រទេសកម្ពុជាក៏បានក្លាយទៅជាប្រទេសកុម្មុយនីស្ត។ |
| ២៥ មករា ១៩៧៩ | កាសែតកម្ពុជារបស់រណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចេញផ្សាយលេខដំបូងរបស់ខ្លួនចំនួន ៥,០០០ច្បាប់។ ចំនួននេះបានកើនឡើងរហូតដល់ ៥០០,០០០ច្បាប់ ហើយកាសែតនេះត្រូវបានចែកជូនដល់កម្មាភិបាលកុម្មុយនីស្តដោយឥតគិតថ្លៃ។ កាសែតបីផ្សេងទៀតបានត្រូវចេញផ្សាយ រួមមាន កាសែតកងទ័ពបដិវត្តន៍ ក្នុងខែធ្នូ ឆ្នាំ ១៩៧៩ កាសែតភ្នំពេញ ក្នុងខែកុម្ភៈ ឆ្នាំ១៩៨១ និងកាសែតប្រជាជន ក្នុងខែតុលា ឆ្នាំ១៩៨៥ និងមានកាសែតជាច្រើនទៀតផងដែរដែលត្រូវបានចេញផ្សាយដោយអង្គការព័ត៌មានរបស់គណបក្សកុម្មុយនីស្តនេះ។ |
| មករា ១៩៩២ | គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា បានបង្កើតព្រឹត្តិប័ត្ររណសិរ្យរំដោះជាតិខ្មែរ ចេញផ្សាយប្រចាំសប្ដាហ៍ ដោយនិយាយរិះគន់ប្រឆាំងទៅនឹងគណបក្សប្រជាជនកម្ពុជា និងជនអន្តោប្រវេសន៍វៀតណាម។ |
| ១៩៩២ | ច្បាប់ព្រហ្មទណ្ឌអន្តរកាលរបស់អ៊ុនតាក់ ត្រូវបានបង្កើតឡើង ដោយចាត់ទុកថាបទបរិហាកេរ្ដិ៍ជាបទល្មើសឧក្រិដ្ឋ ដែលត្រូវផ្ដន្ទាទោសរហូតដល់ជាប់ពន្ធនាគារ។ |
| តុលា ១៩៩២ | គណបក្សហ្វ៊ុនស៊ីនប៉ិច បានចេញផ្សាយកាសែតសម្លេងយុវជនខ្មែរ។ |
| ចុងឆ្នាំ ១៩៩២ | អាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ហៅកាត់ថា អ៊ុនតាក់ បានបង្កើតស្ថានីយវិទ្យុ និងកាសែតរបស់ខ្លួនផ្ទាល់ ឈ្មោះជម្រើសសេរី។ ស្វានីយវិទ្យុ និងកាសែតនេះត្រូវបានបិទក្រោយការបោះឆ្នោតរួច។ |
| កក្កដា ១៩៩២ | កាសែតជាភាសាអង់គ្លេសឯករាជ្យលើកដំបូងឈ្មោះភ្នំពេញប៉ុស្ត៍ (Phnom Penh Post) បានចេញផ្សាយដោយជនជាតិអាមេរិកាំងពីរនាក់ប្ដីប្រពន្ធ។ កាសែតជាភាសាអង់គ្លេសមួយទៀតឈ្មោះ ឌឹ ឃែមបូឌា ថែមស៍ (The Cambodia Times) បានបោះពុម្ពផ្សាយដោយអ្នកកាសែតជនជាតិម៉ាឡេស៊ីម្នាក់ នៅក្នុងឆ្នាំដដែលនេះ។ បន្តាប់មក កាសែតទាំងពីរនេះត្រូវបានបិទដោយសារក្ស័យធន។ |
| ១៩៩៣ | កាសែតជាភាសាអង់គ្លេសឯករាជ្យមួយទៀតឈ្មោះ ឌឹ ឃែមបូឌា ដេលី (The Cambodia Daily) បានចេញផ្សាយដោយអ្នកកាសែតអាមេរិកាំងជើងចាស់ម្នាក់។ |
| មករា ១៩៩៣ | កាសែតកោះសន្តិភាពបានចេញផ្សាយឡើងវិញដោយអតីតអ្នកយកព័ត៌មាន លោក ថុង អ៊ុយប៉ាង បន្ទាប់ពីបានបិទជិត២០ឆ្នាំ ក្នុងអំឡុងពេលខ្មែរក្រហមកាន់អំណាច។ |
| មេសា ១៩៩៣ | កាសែតរស្មីកម្ពុជាត្រូវបានចេញផ្សាយ។ នេះគឺជាកាសែតធំជាងគេ និងពេញនិយមជាងគេក្នុងប្រទេសកម្ពុជា។ មានកាសែតជាច្រើនទៀតបានចេញផ្សាយក្នុងអំឡុងពេលដំណាលគ្នានេះដែរ ប៉ុន្តែក្រោយមកត្រូវបានបិទទៅវិញដោយសារមូលហេតុផ្នែកហិរញ្ញវត្ថុ។ |
| ១៩៩៣ | ច្បាប់រដ្ឋធម្មនុញ្ញ បានអនុញ្ញាតឲ្យមានសេរីភាពខាងសារព័ត៌មាន និងអ្នកកាសែតអាចទទួលបានព័ត៌មានដោយស្របច្បាប់។ |
| ១៩៩៥ | ច្បាប់សារព័ត៌មានត្រូវបានរដ្ឋសភាអនុម័ត ដែលមាត្រា១២ នៃច្បាប់នេះមានបញ្ហាចម្រូងចម្រាសនៅត្រង់ចំណុចដែលចែងថា “និយោជកបោះពុម្ពផ្សាយ ឬអ្នកនិពន្ធអត្ថបទ អាចត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី៥លានរៀលទៅ១៥លានរៀល ស្មើនឹង(១២៨២ទៅ៣៨៤៦ដុល្លាសហរដ្ឋអាមេរិក) ដោយមិនគិតដល់ការផ្ដន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌ”។ ចំណែកឯមាត្រាទី១៣ចែងថា “សារព័ត៌មានមិនត្រូវបោះពុម្ពផ្សាយ ឬផ្សាយបន្តការមិនពិត ដែលជាការជេរប្រមាថ ឬមើលងាយដល់ស្ថាប័នជាតិ”។ (ច្បាប់នេះមានភាពស្រពិចស្រពិល និងបានបន្សល់ទុកចន្លោះប្រហោងជាច្រើន ដែលអាចឲ្យអាជ្ញាធររបស់រដ្ឋាភិបាលធ្វើការបកស្រាយតាមឆន្ទាគតិរបស់ខ្លួនដើម្បីបំបិទមាត់អ្នកកាសែត និងស្ថាប័នព័ត៌មាន។) |
| ១៨ ឧសភា ១៩៩៦ | លោក ធន ប៊ុនលី ចាងហ្វាងការផ្សាយកាសែតឧត្ដមគតិខ្មែរ ត្រូវបានគេបាញ់សម្លាប់ក្បែរគេហដ្ឋានរបស់លោកក្នុងទីក្រុងភ្នំពេញ។ មរណៈភាពរបស់លោកត្រូវបានគេជឿថាដោយសារហេតុផលនយោបាយ។ |
| ៣០ មីនា ១៩៩៧ | លោក ជេត ដួងដារាវុធ អ្នកយកព័ត៌មានឲ្យកាសែតអ្នកប្រយុទ្ធត្រូវបានគេសម្លាប់ដោយការវាយប្រហារនឹងគ្រាប់បែក។ |
| ៥ ឧសភា ១៩៩៧ | លោក ពេជ្រ ឯម អ្នកយកព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ក្នុងក្រុងព្រះសីហនុ ត្រូវបានគេសម្លាប់ ហើយគ្រាប់រុកកែតបេ៤០ត្រូវបានគេផ្លោងចូលទៅក្នុងស្ថានីយ៍របស់លោកដោយសារតែការចាក់ផ្សាយព័ត៌មានចម្រូងចម្រាស។ |
| កក្កដា ១៩៩៧ | អ្នកកាសែតប្រឆាំងជាច្រើននាក់បានរត់គេចខ្លួនដោយសារតែមានការវាយប្រហារគ្នារវាងគណបក្សនយោបាយនៅក្នុងប្រទេស។ កាសែតប្រឆាំងមិនបានបោះពុម្ពផ្សាយអស់រយៈពេលបីខែ ដោយសារតែមានការគម្រាមកំហែង និងការបំភិតបំភ័យ។ អ្នកកាសែតបរទេសក៏ត្រូវទទួលរងការគម្រាមកំហែងផងដែរ ហើយអ្នកកាសែតបរទេសពីរនាក់ត្រូវបានហាមឃាត់មិនឲ្យចូលមកក្នុងប្រទេសកម្ពុជាដោយសារតែការសរសេរអត្ថបទរិះគន់រដ្ឋាភិបាល និងការសរសេរពីអំពើពុករលួយនៅក្នុងរដ្ឋាភិបាល។ |
| ៨ មិថុនា ១៩៩៨ | លោក ថុង អ៊ុយប៉ាង ជាងចាងហ្វាងការផ្សាយ និងជានិពន្ធនាយកកាសែតកោះសន្តិភាព ត្រូវបានគេតាមបាញ់ប្រហារឲ្យរងរបួសនៅក្នុងវត្តមួយស្ថិតនៅជាយក្រុងភ្នំពេញ។ កាសែតនេះបានចោទប្រកាន់ “អ្នកនយោបាយដ៏មានអំណាចម្នាក់នៅក្នុងរដ្ឋាភិបាលបច្ចុប្បន្ន” ថាជាអ្នកនៅពីក្រោយការវាយប្រហារនេះ។ |
| ១៨ តុលា ២០០៣ | លោក ជូ ជេដ្ឋារិទ្ធិ ជាអ្នកកាសែតរបស់ស្ថានីយវិទ្យុតាព្រហ្ម អេហ្វអិម ៩០.៥ ដែលគាំទ្រគណបក្សហ៊្វុនស៊ីនប៉ិច ត្រូវបានបាញ់សម្លាប់នៅខាងមុខការិយាល័យរបស់លោកក្នុងទីក្រុងភ្នំពេញ។ ឃាតកម្មលើរូបលោកកើតឡើងក្រោយពីស្ថានីយ៍នេះបានចាក់ផ្សាយបទអត្ថាធិប្បាយនិយាយរិះគន់ប្រឆាំងនឹងរដ្ឋាភិបាល។ |
| ១១ តុលា ២០០៥ | លោក ម៉ម សូណង់ដូ អាយុ៦៤ឆ្នាំ ជានាយកស្ថានីយវិទ្យុសម្បុកឃ្មុំ អេហ្វអិម ១០៥ ត្រូវបានចាប់ខ្លួនដោយសារចាក់ផ្សាយបទសម្ភាសន៍ជាមួយអ្នកជំនាញខាងកិច្ចការព្រំដែន និយាយរិះគន់សន្ធិសញ្ញាព្រំដែន។ លោកត្រូវបានគេចោទប្រកាន់ពីបទរិះគន់រដ្ឋាភិបាល។ |
| ២ ធ្នូ ២០០៥ | លោក ហង្ស សុខន ជានិពន្ធនាយកកាសែតពន្លឺសាមគ្គី ដែលចេញផ្សាយមិនទៀងទាត់ ត្រូវបានចាប់ខ្លួនដោយសារអត្ថបទព័ត៌មានមួយនិយាយលាតត្រដាងពីអំពើពុករលួយក្នុងរឿងវិវាទដីធ្លីដោយថា លោកព្រះរាជអាជ្ញា វ៉ែន យឿន បានទទួលសំណូក។ ឡោក វ៉ែន យឿន បានដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌប្រឆាំងនឹងកាសែតនេះពីបទបរិហារកេរ្ដិ៍។ |
| ៤ មករា ២០០៦ | លោក ប៉ា ងួនទៀង នាយកកម្មវិធីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) និងជាអនុប្រធានរបស់លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅព្រំដែនឡាវ បន្ទាប់ពីប្រធានរបស់លោក គឺលោក កឹម សុខា និងលោក យ៉េង វីរៈ ប្រធានអង្គការអប់រំច្បាប់សម្រាប់សហគមន៍របស់កម្ពុជា ត្រូវបានចាប់ខ្លួនក្នុងយុទ្ធនាការបង្គ្រាបរបស់រដ្ឋាភិបាលទៅលើក្រុមប្រឆាំង។ |




















