មន្តស្នេហ៍ម៉ានីកា
************
សម្រស់វង់ភ័ក្ត្រដក់ជាប់ដួងចិត្ត
ពេលជួបវរមិត្តនាគ្រាទីមួយ
សេចក្តីស្នេហាដុះពន្លកត្រួយ
ចាប់ផ្តើមចេះព្រួយខ្វល់ពីរូបស្រី។
បេះដូងធ្លាប់ស្លាប់ចាប់ផ្តើមកម្រើក
តែរាត្រីខ្នើតហាក់ខ្វះរស្មី
ដោយសាររូបបងមិនហ៊ានស្រដី
ប្រាប់ដួងចិត្តថ្លៃចំពោះកន្និដ្ឋា។
ចង់ថ្លែងសូរស័ព្ទប្រាប់ដួងចិត្តពិត
ក្រែងអូនអាណិតដាក់ទានស្នេហា
តែនៅមិនហ៊ានខ្លាចខកប្រាថ្នា
ទ្រាំលាក់ចិន្តាខ្វល់ពីបំណង។
ម៉ានីកាជាឈ្មោះស្រស់ម្ចាស់ដួងចិត្ត
ទេពីល្អពិតនៅបាត់ដំបង
វាចាពិរោះសមភ័ក្ត្រកន្លង
ញញឹមម្តងៗស្ទើរទ្រាំពុំបាន។
ចង់តែស្ទុះឱបឲ្យសមចិត្តខ្នាញ់
សមចិត្តស្រឡាញ់ចំពោះកល្យាណ
ចង់តែថែថើបពេញទាំងអង្គប្រាណ
ចង់រួមសុខសាន្តពេញមួយជីវិត។
ចង់ឃើញមុខអូនមុនគេរាល់ព្រឹក
បើកភ្នែករឭកមានអូនណែបនិត
ញញឹមដាក់បងដោយក្តីស្នេហ៍ស្និទ្ធ
កៀកកើយកាយកិតរួមចិត្តតែមួយ។
លោកតាម្ចាស់ដីដំបងក្រញូង
មានឫទ្ធិវេទរុងសូមមេត្តាជួយ
ប្រាប់នាងឲ្យដឹងថាខ្ញុំរែងព្រួយ
បេះដូងរញ្ជួយព្រោះស្រឡាញ់ស្រី។
ដងស្ទឹងសង្កែសូមអ្នកជួយផ្តាំ
ស្ពានថ្មជួយចាំប្រាប់ពាក្យសំដី
ស្ពានដែកសូមជួយធ្វើជាសាក្សី
ថាខ្ញុំស្នេហ៍ស្រីស្នេហ៍ពិតដោយស្មោះ។
និពន្ធដោយ Cool Love
នារាត្រីក្រុងបាត់ដំបង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧
សម្រួលចុងក្រោយ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៧













