សួស្ដី​ឆ្នាំ​ថ្មី (Happy Khmer New Year)

April 13, 2009 by coollove

khmer_new_year_09

ទស្សនៈ​ឡប់ៗ ៖ សម្រែក​ក្បែរ​រេញ

January 17, 2009 by coollove

រយៈ​ពេល​ជា​ច្រើន​សប្ដាហ៍​មក​ហើយ​ដែល​ខ្ញុំ​មិន​បាន Update ប្លក់​ខ្ញុំ​ទាល់​តែ​សោះ ដោយ​សារ​មាន​ការ​មមា​ញឹក​មួយ​ចំនួន។ ព្រឹក​នេះ នៅ​ពេល​អាន​កាសែត​ដូច​សព្វ​មួយ​ដង ស្រាប់​តែ​បាន​ប្រទះ​អត្ថបទ​មួយ​ធ្វើ​ឲ្យ​ខ្ញុំ​គិត រួម​ទាំង​ផ្ទុះ​សំណើច​ម្នាក់​ឯង​ដោយ​មិន​ដឹង​ខ្លួន។ នេះ​ដោយ​សារ​អ្នក​សរសេរ​រៀប​រាប់​ចំៗ​ពេក​សម្រាប់​បរិបថ​សង្គម​សព្វ​ថ្ងៃ។ បើ​មិន​ចែក​ជូន​ប្រិយ​មិត្ត​អ្នក​អាន​ទេ ហាក់​ដូច​ជា​នៅ​មិន​ស្ងប់​សោះ។ ដូច្នេះ ខ្ញុំ​សូម​ដក​ស្រង់​នូវ​អត្ថបទ​ទាំង​ស្រុង​ដូច​ខាង​ក្រោម គ្រាន់​ជា​ការ​គិត​ពិចារណា និង​កែ​ការ​ធុញ​ទ្រាន់​ខ្លះ។

ទស្សនៈឡប់ៗ ៖ សម្រែក​ក្បែរ​រេញ

អា​ក្រហម​ឬ​ខៀវ​អ្ហែង​វ៉ៃ​វា​ឲ្យ​សន្លប់ ចុះ​ម៉ោ​វិញ​អញ​ឲ្យ ១០.០០០​រៀល។ បើ​វ៉ៃ​វា​មិន​សន្លប់​ទេ អ្ហែង​វ៉ៃ​វា​ឲ្យ​បែក​ឈាម​ក៏​អញ​ឲ្យ​អ្ហែង ៥.០០០​រៀល​ដែរ។

ឯ​ពេទ្យ​ដែល​មាន​តុ​នៅ​ជាប់​នឹង​រេញ​ត្រៀម​ចេស​ចាំ​តែ​ដេរ​ប៉ុណ្ណោះ។ អ្នក​របួស​នឹង​មាន​១​ថ្នេរ ៥.០០០​រៀល។ ឯ​ពិធីករ​វិញ ពាក់​អាវ​ធំ​ចង​ក្រវាត់​ក ស្រែក​ឡូឡា​មុខ​មេក្រូ​ថា បង្គោល​ខៀវ​ប្រើ​ស្នៀត​ហនុមាន​ច្រាន​ភ្នំ ឯ​ខាង​ក្រហម​ស្នៀត​ឥសី​បោស​លាន ឯ​អាប៊ីត​ក៏​មិន​អន់​ដែរ ប្រើ​សុទ្ធ​តែ​ស្នៀត​ហនុមាន​ត​ស្ពាន​ទៅ​យក​នាង​សិតា។

ឯ​តាៗ​ដែល​ជា​គ្រូ​គុន អាយុ​ជាង​កន្លះ​សតវត្សរ៍​ទៅ​ហើយ​នោះ អង្គុយ​ចំហ​មាត់​សួរ​គេ​សួរ​ឯង​ថា អ្ហី​ក្បាច់​គុន​ខ្មែរ​ឥឡូវ​គេ Update ឈ្មោះ​ពីរោះ​ណាស់​ហ្ន៎? នាយ​រ៉ូហ្សា​ខ្មុំ​នៅ​ក្បែរ​នោះ​ក៏​លោ​តែ​ជោរ​ឡើង​ចង់​បង្កើត​ស្នៀត​មួយ​នឹង​គេ​ដែរ ដោយ​ឲ្យ​ឈ្មោះ​ថា កង​វិស្វកម្ម​ត​ស្ពាន​ព្រមាន​ស្ទឹង​សង្កែ។

នាយ​ចយ នៅ​ក្បែរ​នោះ លស់​ព្រលឹង​ស្រែក​ឃាត់​ថា កុំ​អី ព្រោះ​ក្បែរៗ​ស្ទឹង​សង្កែ​សម្បូរ​គ្រូ​គុន​ល្បីៗ​ណាស់។ ទុក​មុខ​ទុក​មាត់​ឲ្យ​នាយ​ចយ ខ្ញុំ​ក៏​នៅ​ស្ងៀម ស្ដាប់​ពិធីករ​ពុល​ទឹក​មាត់​តទៅ​ទៀត​។

ពិធីករ​មួយ​នោះ គាត់​ពូកែ​ប្រឌិត​ក្បាច់​គុន​ណាស់ ហើយ​ប្រូ​ទាំង​ខុស​ទៀត​ផង។ គាត់​និយាយ​ថា អ្នក​វ៉ៃ​ឈ្នះ​បាន​លេខ​១ បាន​២​លាន​រៀល លេខ​២​បាន​១​លាន​រៀល…។

ឮ​សូរ​រង្វាន់​ច្រើន​លាន​រៀល ខ្ញុំ​ក៏​ទាញ​ក្បាច់​ចិន​មក​គិត​គូរ​មើល​ឃើញ​ថា តម្លៃ​ខ្លួន​ជា​លាន​រៀល​នោះ តែ​ប៉ុន្មាន​រយ​ដុល្លា​ប៉ុណ្ណោះ។

ដល់​អីចឹង ស្រណោះ​ទៅ​ដល់​សត្វ​មាន់​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​មួយ បើ​មាន់​ណា​ដណ្ដើម​បាន​លេខ​១នោះ​នឹង​បាន​រង្វាន់ ៥.០០០​ដុល្លារ​អ៊ុយអេស​ឯ​ណោះ។ លេខ​២ បាន​៣​ពាន់​អ៊ុយ​អេស ហើយ​សត្វ​មាន់​ទាំង​នោះ​ត្រូវ​គេ​ថ្នម​ដូច​កូន​ក្រមុំ មិន​តែ​ប៉ុណ្ណោះ​ជិះ​សុទ្ធ​តែ​ឡាន​ទំនើបៗ​ទៀត​ផង។

ដំបូងៗ ឮ​សូរ​រង្វាន់​រាប់​លាន​ដូចជា​ចង់​ធ្វើ​អ្នក​វ៉ៃ​បុក​ដែរ តែ​ដល់​គណនា​ទៅ​មិន​បាន​មួយ​ចំណិត​រង្វាន់​មាន់​ផង​នោះ នាយ​រ៉ូហ្សា​ខ្ញុំ​មាន​តែ​ដក​ទៅ​វិញ។

ណ្ហើយ​ខ្ជិល ចេះ​តែ​អង្គុយ​ស្ដាប់​សម្រែក​ចម្រុះ​គ្នា​ដូច​សម្ល​ចាប់​ឆាយ​រដូវ​ចូល​ឆ្នាំ​ចិន​ក្បែរ​រេញ​ទៀត​ទៅ ក្រែង​លោ​ចេះ​ស្នៀត​ថ្មីៗ​ទៀត ពិសេស​ស្នៀត​ស្ដេច​តោ​កោរ​ពុក​មាត់៕ នាយ​រ៉ូហ្សា

ដក​ស្រង់​ចេញ​ពី កាសែត​រស្មី​កម្ពុជា ឆ្នាំ​ទី ១៧ លេខ ៤៧៩៧ ថ្ងៃ​សៅរ៍ ទី​១៧ ខែ​មករា ឆ្នាំ ២០០៩ ទំព័រ ក២

ជ្រុង​មួយ​នៃ​ក្រុង​ព្រះ​សីហនុ

August 30, 2008 by coollove

ទន្ទឹម​នឹង​សោភ័ណ្ឌភាព​ស្រស់​ឆើតឆាយ​នៃ​ក្រុង​ព្រះសីហនុ ជាពិសេស​គឺ​សម្រស់​នៃ​ឆ្នេរ​សមុទ្រ​ដែល​ប្រកប​ដោយ​ទឹក​ថ្លាឈ្វេង និង​ឆ្នេរ​ខ្សាច់​ស​ក្បុស ដែល​ជា​ទី​ទាក់​ទាញ​នៃ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​នោះ ក៏នៅ​មាន​កន្លែង​មួយ​ចំនួន​មិន​ជា​ទី​គយគន់​ទាល់​តែ​សោះ ហើយ​ថែម​ទាំង​ជាទី​ដ៏​គួរ​ឲ្យ​អាម៉ាស់​ទៀត​ផង។

ទំព័រ​នេះ ខ្ញុំ​សុំ​លើក​យក​តែ​ជ្រុង​មួយ​មក​និយាយ​តែ​ប៉ុណ្ណោះ គឺ​បញ្ហា​សម្រាម។ ដូច​ឃើញ​ក្នុង​រូបភាព​នេះ​ស្រាប់ វា​ជា​គំនរ​សម្រាម​ដ៏​ស្អុយ​រលួយ ត្រូវ​បាន​ចាក់​គរ​ទុក​ចោល​ដែល​គ្មាន​អ្នក​ទទួល​ខុសត្រូវ​សោះ​តែ​ម្តង។ សឹង​តែ​មិន​បាច់​និយាយ​ក៏​គេ​អាច​ដឹង​បាន​ថា​គ្មាន​កន្លែង​ណា​ក្រៅ​ពី​កន្លែង​ចំណត​រថយន្ត​ក្រុង​ដែរ។

ភ្ញៀវ​ទេសចរណ៍​ពី​ក្រុង​ភ្នំពេញ​ទៅ​ក្រុង​ព្រះ​សីហនុ ឬ​ពី​ក្រុង​ព្រះ​សីហនុ​​ទៅ​ភ្នំពេញ​ដែល​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង អ្នក​ណា​ក៏​អាច​មើល​ឃើញ​ដែរ។ វា​គួរ​ឲ្យ​អាម៉ាស់​ណាស់​សម្រាប់​យើង​ជា​ខ្មែរដែល​មិន​រវល់ ឬ​ឈឺ​ក្បាល​នឹង​បញ្ហា​ដូច្នេះ។ វា​គួរ​ណាស់តែ​អ្នក​ទទួល​ខុសត្រូវ​ចំណត​នេះ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ចចាត់​វិធានការ​សម្អាត​កន្លែង​នោះ ដើម្បី​ឲ្យ​អ្នក​ទេសចរណ៍​ដែល​ចំណាយ​ពេល​វេលា​ទៅ​ទស្សនា​ទីក្រុង​មួយ​នេះ ពេល​ចុះ​ពី​លើ​រថយន្ត​ទៅ បាន​ស្រឡះ​មុខ​ស្រឡះ​មាត់​ផង។ មិន​មែន​ពេល​ដែល​ចេញ​ពី​រថយន្ត​ទៅ ពួកគេ​ត្រូវ​បាន​ស្វាគមន៍​ដំបូង​ដោយ​សត្វ​រុយ​នោះ​ទេ!!!

ដោយ​បំណង​ស្ថាបនា​ពី Cool Love…

បទ​ចម្រៀង “ពង្សាវតារខ្មែរ” ទទួល​បាន​ការ​ចាប់​អារម្មណ៍​ឡើង​វិញ

July 16, 2008 by coollove

ក្រោយ​ព្រឹត្តិការណ៍​សំខាន់ៗ​មួយ​ចំនួន​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មិថុនា ឆ្នាំ​នេះ​មក ដូចជា ព្រឹត្តិការណ៍​រំឭក​ខួប​អនុស្សាវរីយ៍​ឆ្នាំ​ទី ៤៦ ថ្ងៃ​ដែល​ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​តុលាការ​ក្រុង​ឡាអេ​សម្រេច​ប្រគល់​ឲ្យ​ខ្មែរ​វិញ ដែល​រៀបចំ​ដោយ​អង្គការ​សមាគម​ខ្មែរ​ចំនួន​ប្រាំបួន កាល​ពី​ថ្ងៃទី ១៥ មិថុនា ២០០៨ និង​ព្រឹត្តិការណ៍​ដ៏​មាន​មោទនភាព​ដែល​គណៈកម្មការ​បេតិកភ័ណ្ឌ​ពិភពលោក​សម្រេច​ជា​ឯកច្ឆន្ទដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដែល​ត្រូវ​បាន​រៀបចំ​ជា​បន្តបន្ទាប់​ដោយ​អង្គការ​សមាគម​ខ្មែរ ស្ថានីយ៍​ទូរទស្សន៍ស៊ីធីអិន អាជ្ញាធរដែនដី សាលាក្រុង​ភ្នំពេញ និង​ស្ថានីយ៍​ទូរទស្សន៍​បាយន្ត​កាល​ពី​ពេល​ថ្មីៗ​នេះ យើង​សង្កេត​ឃើញ​ថា បទ​ចម្រៀង “ពង្សាវតារខ្មែរ” ដែល​បាននិពន្ធ​ឡើងដោយ​ សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ព្រះ​មហា​វរបុរស​អក្សរសាស្រ្ត​ខ្មែរ ចាប់​ផ្តើម​ល្បីល្បាញ និង​ជាទី​ចាប់​អារម្មណ៍​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​ចាស់​ទាំង​ក្មេង។

យើង​សង្កេត​ឃើញ​ថា ពី​មុន​មក បទ​នេះ​ហាក់​បី​ដូច​ជា​ត្រូវ​បាន​គេ​បំភ្លេច​ចោល។ យើង​កម្រ​នឹង​ស្តាប់​ឮ​បទ​នេះ​តាម​វិទ្យុ ឬ​ទូរទស្សន៍​ណាស់។ ប៉ុន្តែ​ព្រឹត្តិការណ៍​សង្គម បាន​បង្វែរ​ស្មារតី​កូន​ខ្មែរ​ឲ្យ​មាន​មោទនភាព​ជា​ខ្មែរ ស្រឡាញ់​សម្បត្តិ​វប្បធម៍​ខ្មែរ រួច​បាន​ជ្រើស​រើស​បទ​មួយ​នេះដាក់​ក្នុង​របៀប​វារៈ ដែល​ទទួល​បាន​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​សាធារណជន​ខ្មែរ។

ចម្រៀង “ពង្សាវតារខ្មែរ” ពិត​ជា​មាន​អត្ថន័យ​ធំធេង ល្អ​វិសេសវិសាល បង្កប់​នូវ​មនោ​សញ្ចេតនា​ស្នេហា​ជាតិ​មាតុភូមិ បណ្តុះ​គំនិត​ជាតិ​និយម បង្ហាញ​មោទនភាព​ដែល​បាន​កើត​ជា​កូន​ខ្មែរ រស់​នៅ​លើ​ទឹកដី​ខ្មែរ​ដែល​បាន​បន្សល់​ទុក​មក​ពី​ដូនតា​រាប់​រយ​ជំនាន់​ ហើយ​បាន​ទូន្មាន​ខ្មែរ​ទាំង​អស់​ឲ្យ​ខិតខំ​តាំង​ចិត្ត​​ក្លាហាន ដើម្បី​ថែរក្សា និង​លើក​តម្កើង​ជាតិ​សាសន៍​របស់​ខ្លួន​ឲ្យ​ល្បី​ល្បាញ​ដូច​ពី​សម័យ​អង្គរ​ដ៏​រុងរឿង​។

ខាង​ក្រោម​នេះ ជា​អត្ថបទ​ចម្រៀង​ទាំង​ស្រុង​ នៃ “ពង្សាវតារខ្មែរ”

១» ខ្មែរអើយចូរចាំជាក់ថា តាមសាវតារ ជាតិខេមរា ធ្លាប់តែថ្កើង ទឹកដីខ្មែរធំ ទូលំទូលាយ សព្វសាយរុងរឿង គេឯងតែងលើកតម្កើង តម្កល់ជាតិយើង ចាត់ទុកឡើងជាជាតិច្បង។

២» អារ្យធម៌ខ្ពង់ខ្ពស់ឆើយឆាយ បានចេញផ្សព្វផ្សាយ គ្រប់ទិសទាំងឡាយ ចុងបូព៌ា សាសនាសិល្បៈ ចម្លាក់​វិចិត្រ គំនិតសិក្សា តន្ត្រីទស្សនវិជ្ជា អាចយកសិក្សា ជាគោលការណ៍ដែលខ្មែរផ្សាយទៅ។

៣» ខ្មែរអើយចូរស្តាប់សាវតារ ដែលបានចរចារ បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង តាំងចិត្តឲ្យមាំ ខិតខំប្រឹងវិញ បញ្ចេញតម្កើង តម្លៃ នៃជាតិខ្មែរយើង ឲ្យបានរុងរឿង ជាថ្មីឡើងតាមសាវតារ។

UNESCO បាន​ដាក់​បញ្ចូល​ទីកន្លែង​ថ្មី​ចំនួន​២៧​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

July 9, 2008 by coollove

ទីក្រុង​កេបិច ប្រទេសកាណាដា គណៈកម្មាធិកា​បេតិកភណ្ឌ​ពិភពលោក​បាន​សម្រេច​បញ្ចូល​ទី​កន្លែង​ថ្មី​ចំនួន ២៧ ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ឯ​កិច្ច​ប្រជុំ​លើក​ទី ៣២ កាលពី​ថ្ងៃទី ២ ដល់​ថ្ងៃទី ៧ ខែ​កក្កដា ឆ្នាំ ២០០៨ ក្នុង​នោះ​ក៏​រួម​បញ្ចូល​នូវ ​បាការដ្ឋាន (សំណង់​ការពារ​សឹក​សត្រូវ) របស់​បារាំង ប្រាសាទ​ហិណ្ឌូមួយ និង​ជីវដែន​សត្វ​មេអំបៅមួយ​កន្លែង​ផង​ដែរ។

ក្នុង​ជំនួប​កិច្ច​ប្រជុំ​របស់​អង្គការ​យូណេស្កូ ​នា​ទីក្រុងដ៏​ចំណាស់មួយ​នៃ​ប្រទេស​កាណាដា​កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា ​ទីកន្លែង​វប្បធម៌​ចំនួន ១៩ និង​ទីកន្លែងធម្មជាតិ​ចំនួន ៨ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី។

កិច្ច​ប្រជុំ​បាន​បញ្ជាក់​ថា ចំនួន​សរុប​នៃ​ទី​កន្លែង​បេតិកភណ្ឌ​ពិភព​លោក គិត​មក​ដល់​ពេល​នេះ​មាន​ចំនួន ៨៧៨ (ទីកន្លែង​វប្បធម៌ ៦៧៩, ​ទីកន្លែង​ធម្មជាតិ ១៧៤ និង​ចម្រុះ ២៥) ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន ១៤៥។

នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ មាន​ប្រទេស​ចំនួន​បួន​ដែល​ទើប​នឹង​បាន​ចូល​ក្នុង​បញ្ចី​ជា​លើក​ដំបូង រួម​មាន ប្រទេស ប៉ាពួញូហ្គីនៀ (Papua New Guinea) សានម៉ារីណូ (San Marino) សូឌីអារ៉ាបៀ (Saudi Arabia) និង​ប្រទេស​វ៉ាណួទូ (Vanuatu)។

ទីក្រុង​នៃ​ចក្រភព​អូតូម៉ាន ​(Ottoman) សម័យ​បុរាណ ដែល​ស្ថិត​នៅ​ទីក្រុង​ប៊័រ៉ាត​(Berat)​បច្ចុប្បន្ន ភាគ​កណ្តាល​ប្រទេស​អាល់​បានី (Albania) ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ចី​រួម​គ្នា​ជាមួយ​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រជីរ៉ូកាស្ត្រា (Gjirokastra) ដែល​ត្រូវ​បាន​បញ្ចូល​កាល​ពី​ឆ្នាំ ២០០៥។

ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ផង​ដែរ​នូវ​ប្រសាទ​ដែល​កសាង​ឡើង​កាល​ពី​សតវត្ស ​ទី​១៣ ដែល​មាន​វិហារ​ជា​ច្រើន​ក្នុង​អាណាចក្រ​ប៊ីហ្សានទីន (Byzantine) ហើយ​ដែល​ត្រូវ​បាន​កសាង​ឡើង​ក្នុង​សម័យ​កាល​នៃ​ការ​ត្រួតត្រា​របស់​ទួគី ព្រម​ទាំង​មាន​ផ្ទះ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​សហគមន៍​សាសនា​ជាច្រើន ដូចជា​ខ្លះ​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​សមាជិកស៊ូហ្វ៊ី (Sufi) ដែល​ជាបុព្វជិតនិកាយ​មូស្លីម​មាន​ជំនឿ​អរូប៉ី នៅ​ក្នុង​សតវត្ស​ទី​១៨។

គណៈកម្មាធិការ​បេតិកភណ្ឌ​ក៏​បាន​អនុម័ត​ផង​ដែរ​នូវ​ផ្លូវ​រថភ្លើង​កាត់​ ភ្នំ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​គេ​ហៅថា ផ្លូវ​រថភ្លើង​កាល់កាស៊ីមឡា (Kalka Shimla Railway) មាន​ប្រវែង ៩០​គីឡូម៉ែត្រ ត្រូវ​បាន​កសាង​ឡើង​ក្នុង​ពាក់​កណ្តាល​សតវត្ស​ទី​១៩ ដើម្បី​បម្រើ​សេវា​ទៅ​ទីក្រុង​ស៊ីមឡា។

ទីកន្លែង​ថ្មី​ចំនួន ១០ ក្នុង​ទ្វីប​អឺរ៉ុប បាន​បង្កើត​ឡើង​នូវ​ទំព័រ​អច្ឆរិយធម្មជាតិ និងស្ថាបត្យកម្ម​ដ៏​មាន​កិត្តិនាម​សម្រាប់​ឆ្នាំ​នេះ ដោយ​រាប់​បញ្ចូលតាំង​ពី​បាការដ្ឋាន​បារាំង​ដែល​តំណាង​ឲ្យ​និមិត្តរូប​ដ៏​ល្អ​ឥត​ខ្ចោះ​នៃ​ការងារ​របស់ Sebastien Le Prestre de Vauban ដែល​ជា​វិស្មករ​យោធា​របស់​ស្តេច​ល្វីស​ទី​១៤។

គេ​បាន​និយាយ​ថា​គម្រោង​របស់ Vauban បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ប្រវត្តិ​បាការដ្ឋាន​ក្នុង​ទ្វីប​អឺរ៉ុប ហើយ​ល្បីល្បាញ​រហូត​ដល់​ទ្វីប​អាមេរិក រុស្សី និង​អាស៊ី​បូព៌ា​ផង​ដែរ។

ទី​កន្លែង​ជាច្រើន​ទៀត​នៅ​អាស៊ី​ក៏​ត្រូវ​បាន​គេ​ផ្តល់​កិត្តិយស​ផង​ដែរ ដូចជា​ទីក្រុង​ពាណិជ្ចកម្ម​ប្រវត្តិសាស្ត្រ​ចំនួន​ពីរ​ក្នុង​ប្រទេស​ម៉ាឡេស៊ី និងទីតាំង​កសិកម្មពី​មុន​មួយ​កន្លែង​ក្នុង​ប្រទេស​ប៉ាពួញូហ្គ៊ីនៀ ជា​ដើម។

ប្រាសាទ​ព្រះ​វិហារ​របស់​ប្រទេស​កម្ពុជា​ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ព្រះ​វិហារ​ ជិត​ព្រំដែន​សៀម​ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ឯកឆ័ន្ទ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​ដែរ បើ​ទោះ​បី​ជា​មាន​ការ​ជំទាស់​ពី​សំណាក់​អ្នក​នយោបាយ និង​ប្រជាជន​ជ្រុល​និយម​សៀម​យ៉ាង​ណា​ក៏​ដោយ។

ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ក៏​បាន​ឲ្យ​ឈ្មោះ​ថា​ជា​សម្បត្តិ​ បេតិកភណ្ឌ​មួយ​ផង​ដែរ​ចំពោះបឹង Caledonia របស់​ប្រទេស​ស្កុតឡង់ ​ទំហំ ១៥០០០​គីឡូម៉ែត្រ​ក្រឡា ដែល​ជា​កន្លែង​ថ្ម​ប៉ប្រ៉ះ​ទឹក​ធំ​ជាង​គេ​ទី​ពីរ​លើ​ពិភព​លោក បន្ទាប់​ពី​ថ្ម​ប៉ប្រ៉ះ​ទឹក Great Barrier របស់​ប្រទេស​អូស្ត្រាលី។ ឧទ្យាន​ជាតិ Mount Sanqingshan របស់​ប្រទេស​ចិន និង​ផ្ទះ​ធ្វើ​ពី​ដី​ឈ្មោះ​ថា Fujian Tulou ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ផង​ដែរ។

នៅ​មជ្ឈឹមបូព៌ា​ក៏មាន​ទី​កន្លែង​បួន​ដែរ​ត្រូវ​បាន​បញ្ចូល រួម​មាន Scocotra Archipelago របស់​ប្រទេស​យីម៉េន (Yemen), Al-Hijr ដែល​ជា​ទី​តាំង​វត្ថុ​បុរាណ​របស់​ប្រទេស​សូឌីអារ៉ាប៊ី ទី​កន្លែង​ពិសិដ្ឋ Baha’i នា​កំពង់ផែ Haifa និង Western Galilee របស់​ប្រទេស​អ៊ីស្រាអែល ព្រមទាំង​ Armenian Monastic Ensembles ក្នុង​ប្រទេស​អ៊ីរ៉ង់។

សម្រាប់​ទ្វីប​អាហ្វ្រិក ព្រៃ Mijikenda Kaya ក្នុង​ប្រទេស​កេនយ៉ា និង​ទេសភាព​វប្បធម៌​អរុណោទ័យ (Le Morne Cultural Landscape) នៃ​កោះ Mauritius ត្រូវ​បាន​គេ​ចារិក​ក្នុង​បញ្ជី​បេតិកភណ្ឌ​ផង​ដែរ។

ច្រាំង​ថ្ម​ចោត Joggins Fossile Cliffs ដែល​ស្ថិត​នៅ​លើ​ឆ្នេរ​សមុទ្រ​អាត្លង់ទិក​​របស់​ប្រទេស​កាណាដា ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កន្លែង​ដែល​ល្បីល្បាញ​ខ្លាំង​បំផុត​ខាង​ការ​រក ​ឃើញផូស៊ីល​ទាក់​ទង​នឹង​ជីវិត​នៅ​លើ​ផែន​ដី​កាល​ពី​ ៣៥៤​លាន​ឆ្នាំ ទៅ ២៩០​លាន​ឆ្នាំមុន ចំណែក​​ឋបនីយភណ្ឌ​ជីវដែន​មេអំបៅ​ស្តេច (Monarch Butterfly Biosphere Reserve) ប្រហែល ១០០​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ទីក្រុង​មិចស៊ីកូ ត្រូវ​បានគេ​ចាត់​ទុក​ថា​ជា “គុណ​តម្លៃ​សកល​ដ៏​វិសេសវិសាល” ដែល​មាន​មេអំបៅ​ជិត​មួយ​លាន​ក្បាល​ពី​កាណាដា និង​សហរដ្ឋអាមេរិក ត្រឡប់​មក​ទី​នេះ​រៀង​រាល់​សរទ​រដូវ ហើយ​ផ្តុំ​គ្នា​នៅ​ពេញ​ដើម​ឈើដែល​ធ្វើ​ឲ្យ​ដើម​ឈើ​ក្លាយ​ជា​ព័ណ​ទឹក​ក្រូច។ កន្លែង​ទាំង​ពីរ​នេះ អង្គការ​យូនីស្កូ​ក៏​បាន​ដាក់​បញ្ចូលផង​ដែរ។

ខាង​ក្រោម​នេះ​ជា​ឈ្មោះ​ទីកន្លែង​ដែល​អង្គការ​យូណេស្កូ បាន​អនុម័ត​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​​ក្នុង​ឆ្នាំ ២០០៨ នេះ ៖

New cultural sites inscribed during the 32nd session:

Preah Vihear Temple (Cambodia)
Fujian Tulou (China)
Stari Grad Plain (Croatia)
Historic Centre of Camagüey (Cuba)
Fortifications of Vauban (France)
Berlin Modernism Housing Estates (Germany)
Armenian Monastic Ensembles in Iran (Iran)
Baha’i Holy Places in Haifa and Western Galilee (Israel)
Mantua and Sabbioneta (Italy)
The Mijikenda Kaya Forests (Kenya)
Melaka and George Town, historic cities of the Straits of Malacca (Malaysia)
Protective town of San Miguel and the Sanctuary of Jesús de Nazareno de Atotonilco (Mexico)
Le Morne Cultural Landscape (Mauritius)
Kuk Early Agricultural Site (Papua New Guinea)
San Marino Historic Centre and Mount Titano (San Marino)
Archaeological Site of Al-Hijr (Madâin Sâlih) (Saudi Arabia)
The Wooden Churches of the Slovak part of Carpathian Mountain Area (Slovakia)
Rhaetian Railway in the Albula / Bernina Cultural Landscape (Switzerland and Italy)
Chief Roi Mata’s Domain (Vanuatu)

Natural properties inscribed on UNESCO’s World Heritage List during the 32nd session:

Joggins Fossil Cliffs (Canada)
Mount Sanqingshan National Park (China)
Lagoons of New Caledonia: Reef Diversity and Associated Ecosystems (France)
Surtsey (Iceland)
Saryarka – Steppe and Lakes of Northern Kazakhstan (Kazakhstan)
Monarch Butterfly biosphere Reserve (Mexico)
Swiss Tectonic Arena Sardona (Switzerland)
Socotra Archipelago (Yemen)

Extensions added onto properties already on the World Heritage List:

Historic centres of Berat and Gjirokastra (Albania)
Mountain Railways of India
Paleolithic Cave Art of Northern Spain
The Antonine Wall (United Kingdom)

ឯកសារយោង ៖
www.unesco.org
www.canada.com