RSS

សប្បុរសជន​ជួយ​គាំទ្រ​ការ​បង្រៀន​អក្សរសាស្ត្រ​ខ្មែរ​នៅ​សុរិន្ទ

17 Jun

(If you cannot read this article, please click here or install Khmer Unicode)

រាជ​ធានី​ភ្នំពេញ : ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្ទាល់​ខ្លួន​មួយ​មក​កាន់​ខែត្រ​បាត់ដំបង និង​រាជ​ធានី​ភ្នំពេញ ដើម្បីផ្សព្វផ្សាយ និង​ស្វះ​ស្វែង​រក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ស្រឡាញ់​ការ​អភិរក្ស​អក្សរ​សាស្ត្រ​ខ្មែរនៅ​ខែត្រ​សុរិន្ទ ប្រទេស​ថៃ (ដែល​ខែត្រមួយនេះ​ក្នុង​ចំណោម​ខែត្រ​ជា​ច្រើន​ទៀត​ជា​ទឹក​ដី​របស់​ខ្មែរ​កាល​ពី​អតីតកាល) លោក ជ័យមង្គល បាន​ជួប​សំណេះ​សំណាល​ជាមួយ​បង​ប្អូនខ្មែរ​ជា​ច្រើន​ក្រុម និង​បាន​បង្ហាញ​អំពី​កិច្ចការ និង​គោល​បំណង​របស់​លោក​។

ដោយ​ឡែក​ក្នុង​ជំនួប​ជាមួយ​តំណាង​សប្បុរសជន​មួយ​ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០០៨ នេះ លោក ជ័យមង្គល ​បាន​សម្តែង​នូវ​ទឹក​ចិត្ត​សប្បាយ​រីករាយ​ដែល​បាន​ជួប​សំណេះ​សំណាល​ជាមួយ​បង​ប្អូន​ខ្មែរ​ និង​បាន​ទទួល​ការ​គាំ​ទ្រ​ដោយ​ទឹក​ចិត្ត​ ថវិកា និង​សម្ភារ ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា​ទោះ​តិច​ក្តី​ច្រើន​ក្តី។

លោក​បញ្ជាក់​ថា​មូល​ហេតុ​ដែល​ជំរុញ​លោក​ឲ្យ​មាន​គំនិត​បង្រៀន​ភាសា​ខ្មែរ​នេះ ដោយ​សារ​លោក​មាន​ទឹក​ចិត្ត​ជា​ខ្មែរ ស្រឡាញ់​អក្សរ​សាស្ត្រ​ខ្មែរ។ លោក​បន្ថែម​​ថា តាម​​ការ​ស្រាវ​ជ្រាវ​មួយ​បាន​ប៉ាន់​ប្រមាណ​ថា​​នៅ​សុរិន្ទ​មាន​ប្រជាពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ប្រមាណ ៦០% (ប្រហែល​ជាង ៧​សែន​នាក់) ប៉ុន្តែ​ក្នុង​ចំណោម​នេះ​មាន​មនុស្ស​ប្រមាណ ១% ប៉ុណ្ណោះ​ដែល​ចេះ​អាន និង​និយាយ​ខ្មែរ។ លោក​បាន​សួរ​ខ្លួន​ឯង​ថា​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ដើម​កំណើត​ជា​ខ្មែរ ហេតុ​អ្វី​បាន​ជា​មិន​មាន​សាលា​ភាសា​ខ្មែរ ហើយ​ហេតុ​អ្វី​បាន​ជា​មាន​មនុស្ស​តិច​ម្ល៉េះ​ដែល​និយាយ​ភាសា​ខ្មែរ។​ ដូច្នេះ​លោក​ត្រូវ​ទទួល​យក​កិច្ចការ​ដ៏​លំបាក​មួយ​នេះ ក្នុង​ពេល​ដែល​លោក​មិន​ទាំង​ដឹង​ច្បាស់​ថា​ត្រូវ​ចាប់​ផ្តើម​ពី​ត្រឹម​ណា​ឲ្យ​ប្រាកដ​ក៏​ដោយ។ មាន​មនុស្ស​មួយ​ចំនួន​និយាយ​ថា​វា​ហួស​ពេល ឬ​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​ធ្វើ​កិច្ចការ​នេះ ប៉ុន្តែ​លោក​បញ្ជាក់​ទៅ​វិញ​ថា​ដោយ​សារ​តែ​គំនិត​នេះ​ហើយ​ទើប​ខ្មែរ​មិន​ចេះ​ភាសា​ខ្មែរ​ខ្លួន​ឯង ហើយ​បើមិន​អាច​ទៅ​រួច​ក៏​លោក​ត្រូវ​តែ​ធ្វើ​ដែរ ដើម្បី​បញ្ជាក់​ថា​លោក​បាន​ខំ​អស់​ពី​សមត្ថភាព​លោកហើយ ប្រៀប​ដូច​ជា​អ្នក​ប្រដាល់​ដូច្នោះ​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​លោក​នៅ​តែ​មាន​ក្តី​សង្ឃឹម​ជានិច្ច។

ឆ្លៀត​ឱកាស​នោះ​ផង​ដែរ លោក​ជ័យមង្គលសូម​អំពាវ​នាវ​ដល់​សប្បុរស​ជន​ទាំង​អស់ ជា​ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ មេត្តា​ជួយ​គាំ​ទ្រ​លោក ដើម្បី​លោក​អាច​បន្ត​សាប​ព្រោះ​ភាសា​ខ្មែរ​យើង​នៅ​លើ​ទឹក​ដី​ដែល​សម្បូរ​ដោយ​​ជន​ជាតិ​ដើម​ខ្មែរ។ នេះ​មិន​មែន​ជា​រឿង​នយោបាយ ឬ​ការ​បង្កើត​ក្រុម​អ្វី​មួយ ឬ​គាស់​រំលើង​ប្រវត្តិសាស្ត្រ​ ឬ​យើង​ចង់​ប្រឆាំង​ប្រទេស​ណាមួយ​នោះ​ទេ តែ​ជា​ការ​ជួយ​គ្នា​ក្នុង​នាម​ជន​ដែល​មានឈាម​ជ័រ​ដូច​គ្នា យ៉ាង​ហោច​ណាស់​ក៏​យើង​អាច​ធ្វើ​ទំនាក់​ទំនង​រវាង​គ្នា​និង​គ្នា​បាន​ស្រួល​​ដែរ។

ជា​​ចុង​ក្រោយ លោក​បាន​សំដែង​នូវ​អំណរគុណ​ចំពោះ​សមានចិត្តសប្បុរស​ជន​ដែល​បាន​បរិច្ចាក​ប្រាក់កាស និង​សម្ភារ​សិក្សា​ដ៏​មាន​តម្លែ​ដែល​ផុស​ចេញ​ពី​ទឹក​ចិត្តដ៏​បរិសុទ្ធសម្រាប់​លោក។

ចំណែក​តំណាង​សប្បុរស​ជន​ក៏​បាន​សម្តែង​នូវ​ទឹក​ចិត្ត​រាប់​អាន និង​ក្តី​រីករាយ​ចំពោះ​ជំនួប​នេះ​ផង​ដែរ និង​បាន​សន្យា​បន្ត​ស្វែង​រក​ថវិកា​តាម​លទ្ធភាព​ ដើម្បី​រួម​ចំណែក​លើក​តម្កើង​អក្សរសាស្ត្រ​ខ្មែរនៅ​លើ​ដែនដី​ដែល​សម្បូរ​ដោយជន​អម្បូរ​ខ្មែរ។

តំណាង​សប្បុរសជន​ខ្មែរ​បាន​បរិច្ចាគ​ថវិកា និង​សម្ភារ​មួយ​ចំនួន​ដែល​ប្រមូល​បាន សរុប​ចំនួន ២៥២​ដុល្លា​សហរដ្ឋ​អាមេរិក និង​សៀវ​ភៅ​អាន​ចំនួន ២៩​ក្បាល (សៀវភៅ​សន្ទនា​អង់គ្លេស-ខ្មែរ-បារាំង ចំនួន ៥​ក្បាល និង​សៀវភៅ​អានសម្រាប់​ក្មេងៗ​ចំនួន ២២​ក្បាល) និង​ខ្មៅ​ដៃ​ចំនួន ៣០​ដើម។

សូម​បញ្ជាក់​ថា លោក​ ជ័យ​មង្គល​គឺ​ជា​ស្ថានិក​នៃ​ការ​បង្រៀន​ភាសា​ខ្មែរ​នៅ​សុរិន្ទ ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៦មក ដែល​​រហូត​មក​ដល់​ពេល​នេះ លោក​បាន​បើក​ថ្នាក់​បង្រៀន​ភាសា​ខ្មែរ​បាន​ចំនួន ៦​កន្លែង ដែល​មាន​សិស្ស​សរុប​ចំនួន ១៨៤​នាក់។ លោក​បាន​កើត​នៅ​ស្រុក​កោះខាន់​ក្នុង​ខេត្ត​ស្រ៊ីសាកេត​ដែល​ជា​ខេត្ត​មួយ​ជាប់​នឹង​ខេត្ត​សុរិន្ទ​ដែរ។ លោក​ធំ​ដឹង​ក្តី​នៅ​ក្នុង​គ្រួសារ​ដែល​និយាយ​ភាសា​ខ្មែរ ប៉ុន្តែ​មាន​តែ​លោក​មួយ​ប៉ុណ្ណោះ​ដែល​រក្សា​ការ​និយាយ​ភាសា​ខ្មែរ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ លោក​ធ្លាប់​មក​សិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាល​ពី​ឆ្នាំ ១៩៩៦-១៩៩៧។

គួរ​បញ្ជាក់​ផង​ដែរ​ថា សុរិន្ទ និង​សហគមន៍​ផ្នែក​ខាង​ជើង​ភ្នំ​ដងរែក ត្រូវ​បាន​គេ​ស្គាល់​ថា​សម្បូរ​ដោយ​ជន​ជាតិ​ខ្មែរ និង​ជា​អតីត​ដែន​ដី​របស់​ខ្មែរ ដែល​គេ​តែង​ហៅ​ថា “ខ្មែរ​សុរិន្ទ​ខ្នង​ភ្នំ”។ មាន​ទី​កន្លែង ឬ​ភូមិ​ស្រុក​មួយ​ចំនួន​នៅ​រក្សា​ឈ្មោះ​ដើម​ជា​ខ្មែរ​ដដែល គ្រាន់​តែ​សរសេរ​ជា​ភាសា​ថៃ ដូចជា ភូមិថ្ងៃ​ត្រង់​ ជាដើម។

Click here to see the list of contributors


លោក ជ័យមង្គល (រូប​កណ្តាល) និង​សប្បុរសជន


ជំនួប​រវាង​លោក​ជ័យ​មង្គល​ និង​សប្បុរសជន


ជំនួប​រវាង​លោក​ជ័យ​មង្គល​ និង​សប្បុរសជន

 
1 Comment

Posted by on June 17, 2008 in Social Events

 

One response to “សប្បុរសជន​ជួយ​គាំទ្រ​ការ​បង្រៀន​អក្សរសាស្ត្រ​ខ្មែរ​នៅ​សុរិន្ទ

  1. KHMER BLOG

    June 18, 2008 at 8:00 am

    hi from Khmer blog

     

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: