RSS

ព្រឹត្តិការណ៍​ព័ត៌មាន​សំខាន់ៗនៅ​ក្នុង​ប្រទេស​កម្ពុជា ផ្ដោត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ

08 May

ដក​ស្រង់​ចេញ​ពី​ សៀវភៅ​ណែនាំ​អំពី​ការ​យក​ព័ត៌មាន​ស៊ើប​អង្កេត ៖ មគ្កុទ្ទេសក៍​សម្រាប់​អ្នក​កាសែត​ខ្មែរ រៀបរៀង និងបោះ​ពុម្ព​ដោយ Internews Cambodia

១៨៦៣ ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​ក្រោម​អាណា​និគម​បារាំង។
១៩៣៥ ទស្សនាវដ្ដី​អក្សរ​សាស្ត្រ​រាត្រី​ថ្ងៃ​សៅរិ៍ ត្រូវ​បាន​គេ​បោះ​ពុម្ព​ផ្សាយ។
១៩៣៩ សារព័ត៌មាន​ជា​ភាសា​ខ្មែរ​ដំបូង​បំផុត​ឈ្មោះ​នគរ​វត្ត ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​អ្នក​ជាតិ​និយម​ខ្មែរ​បី​រូប គឺ​លោក ប៉ាច ឈឺន លោក ស៊ឹម វ៉ា និង​លោក ស៊ឺង ង៉ុកថាញ់។
១៩៤២ កាសែត​នគរ​វត្ត ត្រូវ​បាន​ពួក​បារាំង​រឹប​អូស ដោយ​ចោទ​ប្រកាន់​កាសែត​នេះ​ថា​ជាតិ​និយម​ជ្រុល។ ហើយ​លោក ប៉ាច ឈឺន ត្រូវ​បាន​ចាប់​ខ្លួន ចំណែក​ឯ​លោក ស៊ឺង ង៉ុកថាញ់ បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ថៃ បន្ទាប់​មក​ទៅ​ប្រទេស​ជប៉ុន។
១៩៤៥ លោក ស៊ឺង ង៉ុកថាញ់ ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ រួច​បន្ត​បោះ​ពុម្ព​ផ្សាយ​កាសែត​នគរវត្ត​សារ​ជា​ថ្មី​ឡើង​វិញ​នៅ​ពេល​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​របស់​កងទ័ព​ជប៉ុន​មួយ​រយៈ​ពេល​ខ្លី។
១៩៤៧ ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ដំបូង​បង្អស់​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​សភា​អនុម័ត។ សារព័ត៌មាន​កាន់​តែ​មាន​សេរីភាព និង​បាន​ចេញ​ផ្សាយ​កាន់​តែ​ច្រើន​ឡើង។
១៩៥១ ទី​ភ្នាក់​ងារ​សារព័ត៌មាន​ខ្មែរ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បោះ​ពុម្ព​ជា​ប្រភេទ​ព្រឹត្តិបត្រ​ព័ត៌មាន​ជា​ភាសា​ខ្មែរ បារាំង និង​អង់គ្លេស ហើយ​មាន​អ្នក​អាន​ប្រហែល ២០០០​នាក់។
១៩៥២ លោក ស៊ឹង ង៉ុកថាញ់ បាន​បោះ​ពុម្ព​ផ្សាយកាសែត​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា ខ្មែរ​ក្រោក ប៉ុន្តែ​មួយ​ខែ​ក្រោយ​មក​កាសែត​នេះ​ត្រូវ​បាន​បិទ​ទៅ​វិញ​ដោយ​សារ​បញ្ចូល​ទស្សនៈ​ខ្លាំងៗ​ទាម​ទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​នយោបាយ​ខ្មែរ។
១៩៥៣ ប្រទេស​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​បារាំង។
៣ មីនា ១៩៥៥ ព្រះបាទ នរោត្តម សីហនុ បាន​ដាក់​រាជ​បល្ល័ង្គ ហើយ​បី​ថ្ងៃ​ក្រោយ​មក​បាន​បង្កើត​គណបក្ស​សង្គម​រាស្ត្រ​និយម។ កាសែត និង​ទស្សនាវដ្ដី​ជាច្រើន​ដែល​គាំ​ទ្រ​គណបក្ស​សង្គម​រាស្ត្រ​និយម​បាន​ចេញ​ផ្សាយ។
១ មេសា ១៩៥៥ កាសែត​លួច​លាក់​មួយ​ឈ្មោះ​ប្រជាជន ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ផ្សព្វ​ផ្សាយ​ឃោសនា​អំពី​លទ្ធិ​កុម្មុយនិស្ត។
២០ មិថុនា ១៩៥៥ បង​ប្រុស​របស់​ប៉ុល ពត គឺ​លោក សាឡុត ឆាយ បាន​ចេញ​ផ្សាយ​កាសែត​សាមគ្គី។
 ១ មករា ១៩៥៩ ឪពុក​របស់​លោក សម រង្ស៊ី គឺ​លោក សម សារី បាន​ចេញ​ផ្សាយ​កាសែត​រាស្ត្រ​ធិបេតយ្យ ក្រោយ​ពី​មាន​ទំនាស់​ជាមួយ​ព្រះ​ប្រមុខ​រដ្ឋ​ សម្ដេច នរោត្ដម សីហនុ។
 ២ សីហា ១៩៥៩ លោក ខៀវ សំផន បាន​ចេញ​ផ្សាយ​កាសែត​ជា​ភាសា​បារាំង ឡុប សឺវ៉ាទើរ៍ (L’Observateur) និយាយ​រិះ​គន់​ក្រុម​អភិរក្ស​និយម។
 ១១ តុលា ១៩៥៩ លោក ណុប បូផាន់ នាយក​ការ​ផ្សាយ​កាសែត​ប្រជាជន​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ក្នុង​ទីក្រុង​ភ្នំពេញ។
 ១៩៦៥ ព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំ​ខែ​របស់​សម្ដេច នរោត្ដម សីហនុ Les Paroles de S.P.N Sihanouk ដែល​គេ​ហៅ​ថា បេ​អិម​ដេ (Bulletin Mensuel de Documentation) ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​ដោយ​ខុទ្ទកាល័យ​ព្រះ​បរម​រាជ​វាំង។
 ១១ សីហា ១៩៦៦ សម្ដេច នរោត្ដម សីហនុ បង្កើត​ព្រឹត្តិប័ត្រ​ផ្សាយ​ជា​ពីរ​ភាសា ខ្មែរ និង​បារាំង ដើម្បី​រិះ​គន់​រដ្ឋាភិបាល។
 ១៩៦៧ លោក ស៊ឹម វ៉ា បាន​ចេញ​ផ្សាយ​កាសែត​ខ្មែរ​ឯករាជ្យ និយាយ​រិះគន់​សម្ដេច នរោត្ដម សីហនុ។
 ១៩៦៧ លោក នុត ឈឿន ប្រធាន​ខុទ្ទកាល័យសម្ដេច នរោត្ដម សីហនុ បាន​ចេញ​ផ្សាយ​កាសែត​សុជីវធម៌ ដែល​អាច​លក់​បាន ១១,០០០​ច្បាប់​ក្នុង​មួយ​លេខ។ កាសែត​នេះ​លក់​ដាច់​ខ្លាំង​ដោយ​សារ​តែ​មាន​និយាយ​ពី​រឿង​អាស​អាភាស។
 ១៩៦៩ ក្មួយ​ប្រុស​របស់​លោក ស៊ឹម វ៉ា គឺ​លោក សុទ្ធ ប៉ូលីន ចេញ​ផ្សាយ​កាសែត​នគរធំ ដែល​មាន​ចុះ​ផ្សាយ​វិចារណកថា​គាំទ្រ​ពួក​សាធារណរដ្ឋ។
 ១៩៧០ កាសែត​កោះ​សន្តិភាព ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​លោក ស៊ូ សន លោក នុត ឈឿន និង​លោក ជូ​ថានី។
 ១៨ មីនា ១៩៧០ សម្ដេច នរោត្ដម សីហនុ ត្រូវ​បាន​ទម្លាក់​ពី​អំណាច​ដោយ​រដ្ឋ​ប្រហារ​របស់​លោក​សេនា​ប្រមុខ លន់ ណុល។ ពេល​នោះ​មាន​កាសែត​ប្រហែល​៣០​បន្ត​ចេញ​ផ្សាយ។
 ២៩ ធ្នូ ១៩៧០ រដ្ឋាភិបាល​របស់​លោក លន់ ណុល បាន​កំណត់​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​មុន​ការ​បោះពុម្ព​ផ្សាយ​របស់​កាសែត ហើយ​ក្រោយ​មក​បាន​បញ្ឈប់​លែង​ឲ្យ​មាន​សេរីភាព​ខាង​សារព័ត៌មាន។ ពេល​នោះ​មាន​កាសែត​ជា​ច្រើន​បាន​បញ្ចប់​ការ​បោះពុម្ព​ផ្សាយ​របស់​ខ្លួន។
 ២៣ មេសា ១៩៧៣ ច្បាប់​អាជ្ញាសឹក​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ដោយ​បង្ក​ឲ្យ​មាន​ការ​គម្រាម​កំហែង និង​វាយ​ប្រហារ​ទៅ​លើ​អ្នក​កាសែត។ រថយន្ត​របស់​លោក សុទ្ធ ប៉ូលីន ត្រូវ​បាន​បំផ្ទុះ​ដោយ​គ្រាប់​បែក​បង្កៃ ប៉ុន្តែ​រូប​លោក​បាន​រួច​ផុត​ជីវិត​ពី​ការ​វាយ​ប្រហារ​នេះ។
 ១៧ មេសា ១៩៧៥ ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​របប​ខ្មែរ​ក្រហម។ ប្រជាជន​ប្រមាណ ១លាន​ ៧​សែន​នាក់​បាន​ស្លាប់។ គ្មាន​សារព័ត៌មាន​ឯកជន​ណាមួយ​អាច​ចេញ​ផ្សាយ​បាន​ទេ លើក​លែង​តែ​ទស្សនាវដ្ដី និង​ស្ថានីយ​វិទ្យុ​ដែល​គ្រប់​គ្រង​ដោយ​អង្គការ​ខ្មែរ​ក្រហម​អាច​ផ្សព្វ​ផ្សាយ​ពាក្យ​ស្លោក​របស់​កុម្មុយនីស្ត​តែ​ប៉ុណ្ណោះ។ រដ្ឋាភិបាល​ខ្មែរ​ក្រហមបាន​ចេញ​ផ្សាយ​ទស្សនាវដ្ដី​ចំនួន​បី រួម​មាន ទស្សនាវដ្ដី​ទង់​បដិវត្ដន៍ ទស្សនាវដ្ដី​ទង់​ក្រហម និង​ទស្សនាវដ្ដី​យុវជន​យុវនារី​បដិវត្តន៍ ព្រម​ទាំង​ទស្សនាវដ្ដី​រូបភាព​មួយ​ផង​ដែរ។ ទស្សនាវដ្ដី​ទាំង​នេះ​អាន​ដោយ​ពួក​កម្មាភិបាល​ខ្មែរ​ក្រហម។
 ២ ធ្នូ ១៩៧៨ រណសិរ្យ​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា (KNLF) ដែល​គាំ​ទ្រ​ដោយ​វៀតណាម ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ ជាប់​ព្រំដែន​វៀតណាម។ រណសិរ្យ​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា បាន​បង្កើត​ទី​ភ្នាក់​ងារ​សារព័ត៌មាន​កម្ពុជា (SPK) និង​ស្ថានីយ៍វិទ្យុ​មួយ​ផង​ដែរ។
 ៧ មករា ១៩៧៩ ខ្មែរ​ក្រហម​ត្រូវ​បាន​ផ្ដួល​រំលំ​ដោយ​កង​ទ័ព​វៀតណាម​ចូល​ឈ្លាន​ពាន។ ប្រទេស​កម្ពុជា​ក៏បាន​ក្លាយ​ទៅ​ជា​ប្រទេស​កុម្មុយនីស្ត។
 ២៥ មករា ១៩៧៩ កាសែត​កម្ពុជា​របស់​រណសិរ្យ​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា បាន​ចេញ​ផ្សាយ​លេខ​ដំបូង​របស់​ខ្លួន​ចំនួន ៥,០០០​ច្បាប់។ ចំនួន​នេះ​បាន​កើន​ឡើង​រហូត​ដល់ ៥០០,០០០​ច្បាប់ ហើយ​កាសែត​នេះ​ត្រូវ​បាន​ចែក​ជូន​ដល់​កម្មាភិបាល​កុម្មុយនីស្ត​ដោយ​ឥត​គិត​ថ្លៃ។ កាសែត​បី​ផ្សេង​ទៀត​បាន​ត្រូវ​ចេញ​ផ្សាយ រួម​មាន កាសែត​កងទ័ព​បដិវត្តន៍ ក្នុង​ខែ​ធ្នូ ឆ្នាំ ១៩៧៩ កាសែត​ភ្នំពេញ ក្នុង​ខែ​កុម្ភៈ ឆ្នាំ​១៩៨១ និង​កាសែត​ប្រជាជន ក្នុង​ខែ​តុលា ឆ្នាំ​១៩៨៥ និង​មាន​កាសែត​ជា​ច្រើន​ទៀត​ផង​ដែរ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​អង្គការ​ព័ត៌មាន​របស់​គណបក្ស​កុម្មុយនីស្ត​នេះ។
មករា ១៩៩២ គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះ​ពុទ្ធសាសនា បាន​បង្កើត​ព្រឹត្តិប័ត្រ​រណសិរ្យ​រំដោះ​ជាតិ​ខ្មែរ ចេញ​ផ្សាយ​ប្រចាំ​សប្ដាហ៍ ដោយ​និយាយ​រិះ​គន់​ប្រឆាំង​ទៅ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា និង​ជន​អន្តោ​ប្រវេសន៍​វៀតណាម។
១៩៩២ ច្បាប់ព្រហ្មទណ្ឌ​អន្តរកាល​របស់​អ៊ុនតាក់ ត្រូវ​បាន​បង្កើត​ឡើង ដោយ​ចាត់​ទុក​ថា​បទ​បរិហាកេរ្ដិ៍​ជា​បទ​ល្មើស​ឧក្រិដ្ឋ ដែល​ត្រូវ​ផ្ដន្ទាទោស​រហូត​ដល់​ជាប់​ពន្ធនាគារ។
 តុលា ១៩៩២ គណបក្ស​ហ្វ៊ុន​ស៊ីន​ប៉ិច បាន​ចេញ​ផ្សាយ​កាសែត​សម្លេង​យុវជន​ខ្មែរ។
 ចុង​ឆ្នាំ ១៩៩២ អាជ្ញាធរ​បណ្ដោះ​អាសន្ន​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ហៅកាត់​ថា អ៊ុន​តាក់ បាន​បង្កើត​ស្ថានីយវិទ្យុ និង​កាសែត​របស់​ខ្លួន​ផ្ទាល់ ឈ្មោះ​ជម្រើស​សេរី។ ស្វានីយវិទ្យុ និង​កាសែត​នេះ​ត្រូវ​បាន​បិទ​ក្រោយ​ការ​បោះ​ឆ្នោត​រួច។
 កក្កដា ១៩៩២ កាសែត​ជា​ភាសា​អង់គ្លេស​ឯករាជ្យ​លើក​ដំបូង​ឈ្មោះ​ភ្នំពេញ​ប៉ុស្ត៍ (Phnom Penh Post) បាន​ចេញ​ផ្សាយ​ដោយ​ជនជាតិ​អាមេរិកាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ។ កាសែត​ជា​ភាសា​អង់គ្លេស​មួយ​ទៀត​ឈ្មោះ ឌឹ ឃែមបូឌា ថែមស៍ (The Cambodia Times) បាន​បោះពុម្ព​ផ្សាយ​ដោយ​អ្នក​កាសែត​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ នៅ​ក្នុង​ឆ្នាំ​ដដែល​នេះ។ បន្តាប់​មក​ កាសែត​ទាំងពីរ​នេះ​ត្រូវ​បាន​បិទ​ដោយ​សារ​ក្ស័យ​ធន។
 ១៩៩៣ កាសែត​ជា​ភាសា​អង់គ្លេស​ឯករាជ្យ​មួយ​ទៀត​ឈ្មោះ ឌឹ ឃែមបូឌា ដេលី (The Cambodia Daily) បាន​ចេញ​ផ្សាយ​ដោយ​អ្នក​កាសែត​អាមេរិកាំង​ជើង​ចាស់​ម្នាក់។
 មករា ១៩៩៣ កាសែត​កោះ​សន្តិភាព​បាន​ចេញ​ផ្សាយ​ឡើង​វិញ​ដោយ​អតីត​អ្នក​យក​ព័ត៌មាន​ លោក ថុង អ៊ុយប៉ាង បន្ទាប់​ពី​បាន​បិទ​ជិត​២០​ឆ្នាំ ក្នុង​អំឡុង​ពេល​ខ្មែរ​ក្រហម​កាន់​អំណាច។
 មេសា ១៩៩៣ កាសែត​រស្មី​កម្ពុជា​ត្រូវ​បាន​ចេញ​ផ្សាយ។ នេះ​គឺ​ជា​កាសែត​ធំជាង​គេ និង​ពេញ​និយម​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា។ មាន​កាសែត​ជាច្រើន​ទៀត​បាន​ចេញ​ផ្សាយ​ក្នុង​អំឡុង​ពេល​ដំណាល​គ្នា​នេះ​ដែរ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​បិទ​ទៅ​វិញ​ដោយ​សារ​មូល​ហេតុ​ផ្នែក​ហិរញ្ញ​វត្ថុ។
 ១៩៩៣ ច្បាប់​រដ្ឋធម្មនុញ្ញ បាន​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​ខាង​សារព័ត៌មាន និង​អ្នក​កាសែត​អាច​ទទួល​បាន​ព័ត៌មាន​ដោយ​ស្រប​ច្បាប់។
 ១៩៩៥ ច្បាប់​សារព័ត៌មាន​ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដែល​មាត្រា​១២ នៃ​ច្បាប់​នេះ​មាន​បញ្ហា​ចម្រូង​ចម្រាស​នៅ​ត្រង់​ចំណុច​ដែល​ចែង​ថា “និយោជក​បោះពុម្ព​ផ្សាយ ឬ​អ្នក​និពន្ធ​អត្ថបទ អាច​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល​ទៅ​១៥​លាន​រៀល ស្មើ​នឹង(១២៨២​ទៅ​៣៨៤៦​ដុល្លាសហរដ្ឋ​អាមេរិក) ដោយ​មិន​គិត​ដល់​ការ​ផ្ដន្ទាទោស​តាម​ច្បាប់​ព្រហ្មទណ្ឌ”។ ចំណែក​ឯ​មាត្រា​ទី​១៣​ចែង​ថា “​សារព័ត៌មាន​មិន​ត្រូវ​បោះពុម្ព​ផ្សាយ ឬ​ផ្សាយ​បន្ត​ការ​មិន​ពិត ដែល​ជា​ការ​​ជេរ​ប្រមាថ ឬ​មើល​ងាយ​ដល់​ស្ថាប័ន​ជាតិ”។ (ច្បាប់​នេះ​មាន​ភាព​ស្រពិច​ស្រពិល និង​បាន​បន្សល់​ទុក​ចន្លោះ​ប្រហោង​ជា​ច្រើន ដែល​អាច​ឲ្យ​អាជ្ញាធរ​របស់​រដ្ឋាភិបាល​ធ្វើ​ការ​បក​ស្រាយ​តាម​ឆន្ទាគតិ​របស់​ខ្លួន​ដើម្បី​បំបិទ​មាត់​អ្នក​កាសែត និង​ស្ថាប័ន​ព័ត៌មាន។)
 ១៨ ឧសភា ១៩៩៦ លោក ធន ប៊ុនលី ចាង​ហ្វាង​ការ​ផ្សាយ​កាសែត​ឧត្ដម​គតិ​ខ្មែរ ត្រូវ​បាន​គេ​បាញ់​សម្លាប់​ក្បែរ​គេហដ្ឋាន​របស់​លោក​ក្នុង​ទី​ក្រុង​ភ្នំពេញ។ មរណៈភាព​របស់​លោក​ត្រូវ​បាន​គេ​ជឿ​ថា​ដោយ​សារ​ហេតុ​ផល​នយោបាយ។
 ៣០ មីនា ១៩៩៧ លោក ជេត ដួងដារាវុធ អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​អ្នក​ប្រយុទ្ធ​ត្រូវ​បាន​គេ​សម្លាប់​ដោយ​ការ​វាយ​ប្រហារ​នឹង​គ្រាប់​បែក។
 ៥ ឧសភា ១៩៩៧ លោក ពេជ្រ ឯម អ្នក​យក​ព័ត៌មាន​របស់​ស្ថានីយ៍​ទូរទស្សន៍​ក្នុង​ក្រុង​ព្រះសីហនុ ត្រូវ​បាន​គេ​សម្លាប់ ហើយ​គ្រាប់​រុកកែត​បេ​៤០​ត្រូវ​បាន​គេ​ផ្លោង​ចូល​ទៅ​ក្នុង​ស្ថានីយ៍​របស់​លោក​ដោយ​សារ​តែ​ការ​ចាក់​ផ្សាយ​ព័ត៌មាន​ចម្រូង​ចម្រាស។
 កក្កដា ១៩៩៧ អ្នក​កាសែត​ប្រឆាំង​ជា​ច្រើន​នាក់​បាន​រត់​គេច​ខ្លួន​ដោយ​សារ​តែ​មាន​ការ​វាយ​ប្រហារ​គ្នា​រវាង​គណបក្ស​នយោបាយ​នៅ​ក្នុង​ប្រទេស។ កាសែត​ប្រឆាំង​មិន​បាន​បោះពុម្ព​ផ្សាយ​អស់​រយៈពេល​បី​ខែ ដោយ​សារ​តែ​មាន​ការ​គម្រាម​កំហែង និង​ការ​បំភិត​បំភ័យ។ អ្នក​កាសែត​បរទេស​ក៏​ត្រូវ​ទទួល​រង​ការ​គម្រាម​កំហែង​ផង​ដែរ ហើយ​អ្នក​កាសែត​បរទេស​ពីរ​នាក់​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដោយ​សារ​តែ​ការ​សរសេរ​អត្ថបទ​រិះ​គន់​រដ្ឋាភិបាល និង​ការសរសេរ​ពី​អំពើ​ពុក​រលួយ​នៅ​ក្នុង​រដ្ឋាភិបាល។
 ៨ មិថុនា ១៩៩៨ លោក ថុង អ៊ុយប៉ាង ជាង​ចាងហ្វាង​ការ​ផ្សាយ និង​ជា​និពន្ធ​នាយក​កាសែត​កោះ​សន្តិភាព ត្រូវ​បាន​គេ​តាម​បាញ់​ប្រហារ​ឲ្យ​រង​របួស​នៅ​ក្នុង​វត្ត​មួយ​ស្ថិត​នៅ​ជាយ​ក្រុង​ភ្នំពេញ។ កាសែត​នេះ​បាន​ចោទ​ប្រកាន់ “អ្នក​នយោបាយ​ដ៏​មាន​អំណាច​ម្នាក់​នៅ​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន” ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នេះ។
 ១៨ តុលា ២០០៣ លោក ជូ ជេដ្ឋារិទ្ធិ ជា​អ្នក​កាសែត​របស់​ស្ថានីយ​វិទ្យុ​តា​ព្រហ្ម អេហ្វអិម ៩០.៥ ដែល​គាំ​ទ្រ​គណបក្ស​ហ៊្វុនស៊ីនប៉ិច ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ខាង​មុខ​ការិយាល័យ​របស់​លោក​ក្នុង​ទីក្រុង​ភ្នំពេញ។ ឃាតកម្ម​លើ​រូប​លោក​កើត​ឡើង​ក្រោយ​ពី​ស្ថានីយ៍​នេះ​បាន​ចាក់​ផ្សាយ​បទ​អត្ថាធិប្បាយ​និយាយ​រិះគន់​ប្រឆាំង​នឹង​រដ្ឋាភិបាល។
 ១១ តុលា ២០០៥ លោក ម៉ម សូណង់ដូ អាយុ​៦៤​ឆ្នាំ ជា​នាយក​ស្ថានីយវិទ្យុ​សម្បុកឃ្មុំ អេហ្វអិម ១០៥ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​ចាក់​ផ្សាយ​បទ​សម្ភាសន៍​ជាមួយ​អ្នក​ជំនាញ​ខាង​កិច្ចការ​ព្រំដែន និយាយ​រិះគន់​សន្ធិសញ្ញា​ព្រំដែន។​ លោក​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​រិះ​គន់​រដ្ឋាភិបាល។
 ២ ធ្នូ ២០០៥ លោក ហង្ស សុខន ជា​និពន្ធ​នាយក​កាសែត​ពន្លឺសាមគ្គី ដែល​ចេញ​ផ្សាយ​មិន​ទៀង​ទាត់ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​អត្ថបទ​ព័ត៌មាន​មួយ​និយាយ​លាត​ត្រដាង​ពី​អំពើ​ពុក​រលួយ​ក្នុង​រឿង​វិវាទ​ដី​ធ្លី​ដោយ​ថា លោក​ព្រះ​រាជ​អាជ្ញា វ៉ែន យឿន បាន​ទទួល​សំណូក។ ឡោក វ៉ែន យឿន បាន​ដាក់​ពាក្យ​បណ្ដឹង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​កាសែត​នេះ​ពី​បទ​បរិហារ​កេរ្ដិ៍។
 ៤ មករា ២០០៦ លោក ប៉ា ងួនទៀង នាយក​កម្មវិធី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) និង​ជា​អនុ​ប្រធាន​របស់​លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រំដែន​ឡាវ បន្ទាប់​ពី​ប្រធាន​របស់​លោក​ គឺ​លោក កឹម សុខា និង​លោក យ៉េង វីរៈ ប្រធាន​អង្គការ​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​របស់​កម្ពុជា ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​យុទ្ធនាការ​បង្គ្រាប​របស់​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​ប្រឆាំង។


 
3 Comments

Posted by on May 8, 2009 in Social Events

 

Tags: , , , , ,

3 responses to “ព្រឹត្តិការណ៍​ព័ត៌មាន​សំខាន់ៗនៅ​ក្នុង​ប្រទេស​កម្ពុជា ផ្ដោត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ

  1. ទឹម បឿន

    May 2, 2011 at 10:22 pm

    អត្ថបទ​ល្អ! អរគុណ​សម្រាប់​ការចែករំលែក ។

     
    • coollove

      May 8, 2011 at 9:57 pm

      អេហ៍ អត្ថបទ​របស់​បឿន កាន់​តែ​ល្អ​ជាង​ខ្ញុំ​ទៅ​ទៀត។ មាន​ច្រើន ហើយ​សប្បូរ​បែប​ណាស់។ និយាយ​ត្រង់​ចុះ ខ្ញុំ​បាន​រៀន​សូត្រ​ពី​ប្លក់​របស់​បឿន​ច្រើន​ក្រែល​ដែរ ពិសេស​ទាក់​ទង​នឹង​អត្ថបទ​អំពី​ IT។

       
  2. ទឹម បឿន

    May 11, 2011 at 9:14 am

    អរគុណ​ដែល​សរសើរ

     

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: