RSS

ក្រឡេក​មើល​ជម្លោះ​ប្រាសាទ​ព្រះ​វិហារ​ជាមួយ​នឹង​ប្រវត្តិសាស្ត្រ

10 Jul

ខ្ញុំ​បាន​អាន​សារព័ត៌មាន ឌឹ ឃែមបូឌា ដេលី ថ្ងៃ​នេះ ហើយ​បាន​ប្រទះ​អត្ថបទ​មួយ​និយាយ​រៀប​រាប់​ដោយ​សង្ខេប​អំពី​​ប្រវត្តិសាស្ត្រ​ខ្មែរ ជា​ពិសេសស​ពាក់​ព័ន្ធ​នឹង​ជម្លោះ​រវាង​ខ្មែរ និង​សៀម និង​មហិច្ឆតា​របស់​សៀម​ក្នុង​ការ​ពង្រីក​ទឹក​ដី និង​ឥទ្ធិពល​របស់​ខ្លួន ហើយ​ឈ្លាន​ពាន​ប្រទេស​ជិត​ខាង។

ខ្ញុំ​សូម​ដក​ស្រង់​អត្ថបទ​ទាំង​ស្រុង សម្រាប់​ជា​ការ​ពិចារណា និង​ស្វែង​យល់។

__________________

ដោយ Pierre Yves Clais

ប្រ​សិន​បើ​គេ​អាន​សារព័ត៌មាន​ជា​ភាសា​អង់គ្លេស​នៅ​ក្នុង​ទីក្រុង​បាងកក គេ​នឹង​ឧស្សាហ៍​ភ្ញាក់​ផ្អើល​ចំពោះ​កង្វះ​ខាត​សេចក្ដី​រាយការណ៍​ដែល​មិន​បំផ្លើស​ពាក់​ព័ន្ធ​នឹង​ជម្លោះ​អំពី​ប្រាសាទ​ព្រះវិហារ។

ជាការពិត សារព័ត៌មាន​របស់​ថៃ​នេះ​គ្មាន​តុល្យភាព​ឡើយ ហើយ​ហ៊ាន​ទាំង​និយាយ​ថា កម្ពុជា​គឺជា​អ្នក​បង្ក​បញ្ហា​ពិត​ប្រាកដ និង​ជា​អ្នក​ដែល​ផ្ទុះ​អាវុធ​មុន​ទៀត​ផង។

ទាំង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ផ្ទាល់​ចំពោះ​ការ​ពិត និង​មិត្តភាព​ដែល​ខ្ញុំ​មាន​ចំពោះ​ប្រទេស​កម្ពុជា បាន​ជំរុញ​ឲ្យ​ខ្ញុំ​បញ្ជាក់​បង្ហាញ​ចំណុច​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​រវាង​ប្រទេស​ទាំង​ពីរ​នេះ។

នៅ​ជិត​ដំណាច់​សតវត្សរ៍​ទី​៩ ប្រជា​ជន​ដែល​មក​ពី​ប្រទេស​ចិន​ភាគ​ខាង​ត្បូង បាន​ចាប់​ផ្ដើម​រស់​នៅ​ក្នុង​អាណាចក្រ​ខ្មែរ​រហូត​ដល់​ភាគ​ខាង​ជើង​នៃ​ជួរ​ភ្នំ​ដងរែក។ ប្រជាជន​ទាំង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ជនជាតិ​សៀម ហើយ​ក្រោយ​មក​ជា​ជន​ជាតិ​ថៃ។

ពួក​គេ​បាន​ពង្រឹង​ខ្លួន​ឯង​ជា​បន្ត​បន្ទាប់​រហូត​ដល់​តំបន់​ដែល​ពួក​គេ​រស់​នៅ​បាន​ក្លាយ​ជា​រាជា​ណាចក្រ​អយុធ្យា​របស់​ថៃ។

រាជាណាចក្រ​នេះ​បាន​ដណ្ដើម​អង្គរ​ចំនួន​ពីរ​លើក មួយ​លើ​នៅ​ក្នុង​ឆ្នាំ ១៣៥១ និង​មួយ​លើក​ទៀត​នៅ​ក្នុង​ឆ្នាំ ១៤៣១ ដោយ​មួយ​លើក​ៗ​បាន​និរទេស​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ធំ​ចេញ ហើយ​បាន​ដាក់​អធិបតេយ្យភាព​របស់​ខ្លួន​លើ​កម្ពុជា ដោយ​រាជាណាចក្រ​សៀម​នេះ​បាន​បញ្ចូល​បណ្ដា​ខេត្ត​ទាំង​មូល​ជា​ឧប្បសម្ព័ន្ធ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក។

ដូច​គ្នា​នឹង​កោះ “Atlantis” ដែល​បាន​បាត់​បង់ ភាគ​ពាយព្យ​ត្រូវ​បាន​លេប​យក​ដោយ​សៀម ហើយ​ភាគ​ខាង​កើត​ដោយ​វៀតណាម​នោះ កម្ពុជា​បាន​ស្ថិត​នៅ​ក្នុង​ការ​ឈាន​ទៅ​រក​ភាព​សាបសូន្យ​ទាំង​ស្រុង។

ដោយ​បាន​ដឹង​អំពី​ស្ថាន​ភាព​នេះ នៅ​ក្នុង​ឆ្នាំ ១៨៥៣ ព្រះ​បាទ អង្គ ដួង បាន​ស្វែង​រក​អន្តរាគមន៍​ពី​បារាំង ដែល​នៅ​ពេល​នោះ​បាន​ដឹក​នាំ​ដោយ ណាប៉ូឡេអុង​ទី​៣។

ភាគី​សៀម​បាន​ដឹង​អំពី​សម្ព័ន្ធ​ភាព​ដែល​ជិត​នឹង​បង្កើត​ឡើង​រវាង​បារាំង​និង​កម្ពុជា ហើយ​ក្រោយ​មក​បាន​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​សម្ព័ន្ធភាព​នេះ​បរាជ័យ។ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ ១៨៦៣ ជាយថាហេតុ ព្រះបាទ​នរោត្ដម បាន​ឡាយ​ព្រះ​ហស្ថលេខា​លើ​សន្ធិសញ្ញា​អាណាព្យាបាល​ជាមួយ​បារាំង។

ឥទ្ធិពល​របស់​អង់គ្លេស​មាន​សភាព​ខ្លាំង​ក្លា​នៅ​សៀម ប៉ុន្តែ​កិច្ច​ព្រម​ព្រៀង​បារាំង​-​អង់គ្លេស​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​១៨៨៤ បាន​ទទួល​ស្គាល់​រួច​ទៅ​ហើយ​ថា​អាង​ទន្លេ​មេគង្គ​គ្រប់​គ្រង​ដោយ​បារាំង។ កិច្ច​ព្រម​ព្រៀង​នេះ​មិន​បាន​រារាំង​សៀម​មិន​ឲ្យ​បំបែក​អាង​ទន្លេ​មេគង្គ​នេះ និង​រុល​ចូល​ក្នុង​ប្រទេស​ឡាវ​ទេ។

នៅ​ក្នុង​ឆ្នាំ ១៨៩៣ បារាំង​អស់​ភាព​អត់​ធ្មត់​ចំពោះ​ការ​រុល​ចូល​ជា​បន្ត​បន្ទាប់​នេះ ហើយ​បាន​បញ្ជូន​នាវា​ចំបាំង​របស់​ខ្លួន​ឡើង​តាម​ទន្លេ​មេណាម ទៅ​កាន់​បាងកក។ ដូច្នេះ​បារាំង​បាន​រារាំង​ជំនួញ​មិន​ឲ្យ​ទៅ​ដល់​សៀម​ឡើយ ដែល​ជា​ហេតុ​តម្រូវ​ឲ្យ​តុលាការ​របស់​សៀម​លះ​បង់​ការ​ទាម​ទារ​របស់​ខ្លួន​លើ​ច្រាំង​ខាង​ឆ្វេង​នៃ​ទន្លេ​មេគង្គ។ ព្រម​ពេល​ជាមួយ​នោះ បារាំង​បាន​យក​ខេត្ត​ចាន់​ថា​ប៊ុន និង​ខេត្ត​ប៉ាកណាម ជា​ចំណាប់​ខ្មាំង។ កង​ទ័ព​ជើង​ទឹក​បារាំង​បាន​កាន់​កាប់​តំបន់​ទាំង​នេះ​រហូត​ដល់​អនុសញ្ញា​ឆ្នាំ ១៩០៤​ប្រគល់​ខេត្ត​កោះកុង និង​ខេត្ត​ស្ទឹងត្រែង​ឲ្យ​មក​កម្ពុជា​វិញ។ តំបន់​ដទៃ​ទៀត​រួម​មាន​ម្លូព្រៃ (Melou Prei) និង​ទន្លេ​រពៅ (Tonle Repou) ដែល​ត្រូវ​បាន​ប្រគល់​ឲ្យ​ប្រទេស​ឡាវ​ដោយ​សៀម ហើយ​ទី​បញ្ចប់​ត្រូវ​បាន​បារាំង​ប្រគល់​ឲ្យ​មក​កម្ពុជា​វិញ។

អនុសញ្ញា​ឆ្នាំ ១៩០៤ បាន​ធ្វើ​ឲ្យ​មាន​សន្ធិ​សញ្ញា​ឆ្នាំ ១៩០៧ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​បារាំង និង​សៀម។ ជា​ថ្នូរ​នឹង​ការ​ប្រគល់​មក​វិញ​នូវ​ខេត្ត ត្រាត ខេត្ត​ចាន់ថាប៊ុន និង​ដែន​ដី ដាន​សៃ ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ខេត្ត​ឡៃ ស្ដេច​ជុឡាលុងកន របស់​សៀម (ស្ដេច​រាមា​ទី​៥) បាន​ប្រគល់​ខេត្ត​បាត់ដំបង ស៊ូសុផុន និង​ខេត្ត​សៀមរាប មក​ឲ្យ​បារាំង​ដែល​បាន​ប្រគល់​ខេត្ត​ទាំង​នេះ​ឲ្យ​មក​កម្ពុជា​វិញ។

នៅ​ពេល​ព្រះ​បាទ​ស៊ីសុវត្ថិ អាច​យាង​ទៅ​កាន់​អង្គរ​នៅ​ទី​បំផុត ហើយ​កាន់​កាប់​ឡើង​វិញ​នូវ​ទឹក​ដី​ដែល​តែង​តែ​ជា​របស់​ខ្មែរ​ដោយ​ឥត​សង្ស័យ​នោះ ព្រះ​អង្គ​បាន​ប្រកាស​ថា នេះ​ជា​កិត្តិគុណ​ដ៏​ធំធេង​នៃ​រជ្ជកាល​របស់​ព្រះ​អង្គ។

ប៉ុន្តែ​សៀម​មិន​បាន​បោះ​បង់​ចោល​ទេ។

ដោយ​ឆ្លៀត​យក​ប្រយោជន៍​ពី​ជម្លោះ​របស់​បារាំង​ជាមួយ​អាល្លឺម៉ង់​អំឡុង​សង្គ្រាម​លោក​លើក​ទី ២ សៀម​បាន​បំពាន​ភ្លាមៗ​លើ​កតិកា​សញ្ញា​ស្ដីពី​ការ​មិន​ឈ្លាន​ពាន​ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​បារាំង​នៅ​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​១៩៤០។

នាយក​រដ្ឋ​មន្ត្រី​ថៃ​ដែល​ជា​សេនា​ប្រមុខ​កង​ទ័ព​ឈ្មោះ ភីប៊ុន​ស៊ុង​ក្រាម បាន​រៀបចំ​បាតុកម្ម​អ្នក​ជាតិ​និយម និង​បាតុកម្ម​ប្រឆាំង​បារាំង​ជា​បន្ត​បន្ទាប់​នៅ​បាងកក។ ក្រោយ​មក ជម្លោះ​ព្រំដែន​បាន​កើត​ឡើង​ជា​ច្រើន​លើក​ច្រើន​សារ​នៅ​តាម​បណ្ដោយ​មាត់​ទន្លេ​មេគង្គ។ នៅ​ពេល​ថ្ងៃ កងទ័ព​អាកាស​របស់​ថៃ​ដែល​មាន​ចំនួន​ច្រើន​ជាង​បាន​ទម្លាក់​គ្រាប់​បែក​លើ វៀងចាន់ ស៊ីសុផុន និង​បាត់ដំបង ដោយ​គ្មាន​ការ​ជំទាស់​ពី​បរទេស​ឡើយ។ កង​ទ័ព​អាកាស​របស់​បារាំង​បាន​ព្យាយាម​វាយ​បក​វិញ ប៉ុន្តែ​ការ​ខូច​ខាត​ដែល​មាន​គឺ​តិច​តួច​បំផុត។

ក្រោយ​មក​នៅ​ខែ​ធ្នូ ឆ្នាំ ១៩៤០ ប្រទេស​ថៃ​បាន​កាន់​កាប់​ខេត្ត​ប៉ាក់ឡាយ ណិង​បាសាក់។ នៅ​ដើម​ខែ​មករា ឆ្នាំ ១៩៤១ ក្រុង​បាងកក​បាន​ធ្វើការ​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​ឡាវ និង​ប្រទេស​កម្ពុជា។ ការ​តស៊ូ​រវាង​បារាំង និង​ឥណ្ឌូចិន​បាន​កើត​មាន​ឡើង ប៉ុន្តែ​ភាគ​ច្រើន​នៃ​អង្គភាព​យោធា​ត្រូវ​បាន​យក​ជ័យ​ជំនះ​ដោយ​កង​កម្លាំង​ថៃ​ដែល​បំពាក់​អាវុធ​បាន​ប្រសើរ​ជាង (រថក្រោះ​បារាំង​ចំនួន​២០​គ្រឿង តទល់​នឹង​រថក្រោះ​ថៃ​ចំនួន ១៤៣​គ្រឿង)។

ប្រទេស​ថៃ​បាន​កាន់​កាប់​ប្រទេស​ឡាវ​យ៉ាង​លឿន។ ទោះ​ជា​យ៉ាង​ណា ការតស៊ូ​របស់​បារាំង​នៅ​កម្ពុជា​កឺ​បាន​ល្អ​ជាង។ ត្រឹម​ថ្ងៃ​ទី​១៦ ខែ​មករា បារាំង​បាន​ធ្វើ​ការ​វាយ​ប្រហារ​បក​ដ៏​ធំ​មួយ​ដែល​ដឹក​នាំ​ដោយ​កង​វរសេនាធំ REI ទី​៥ (ជា​កង​វរសេនា​ធំ​របស់​កង​កម្លាំង​បរទេស​បារាំង) នៅ​តាម​ភូមិ​យ៉ង​ដង្គុំ និង​ភូមិ​ព្រាវ ជា​ទី​ដែល​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​ក្លា​បំផុត​នៃ​សង្គ្រាម​នេះ​បាន​កើត​ឡើង។

ការ​វាយ​បក​របស់​បារាំង​ត្រូវ​បាន​រារាំង​និង​បាន​បញ្ចប់​ដោយ​ការ​ដក​ថយ ប៉ុន្តែ​ពួក​ថៃ​មិន​អាច​តាម​ទាន់​កង​កម្លាំង​របស់​បារាំង​ទេ ពី​ព្រោះ​រថក្រោះ​របស់​ពួក​គេ​ត្រូវ​បាន​បាញ់​កម្ទេច​ដោយ​កាំភ្លើង​ធំ​ប្រឆាំង​រថក្រោះ​របស់​បារាំង។ ដោយ​សារ​ខ្វះ​មធ្យោបាយ កាំភ្លើង​ធំ​ទាំង​នេះ​ត្រូវ​បាន​អូស​ទាញ​ដោយ​សត្វ​ក្របី​ទៅ​កាន់​សមរភូមិ។

នៅ​ពេល​ដែល​ស្ថានភាព​ផ្លូវ​គោក​អាច​មាន​គ្រោះថ្នាក់​ចំពោះ​បារាំង​នោះ ឧត្ដម​នាវី​ឯក​ Decoux បាន​ផ្ដល់​ភ្លើង​ខៀវ​ឲ្យ​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​កងទ័ព​ជើង​ទឹក​ថៃ។ បទ​បញ្ជា​នេះ​ត្រូវ​បាន​ផ្ដល់​ឲ្យ​កង​ទ័ពជើង​ទឹក​បារាំងដែល​មាន​ស្រាប់​ដើម្បី​វាយ​ប្រហារ​ឈូង​សមុទ្រ​ថៃ។ នៅ​ព្រឹក​ថ្ងៃ​ទី ១៧ ខែ​មករា ឆ្នាំ ១៩៤១ “ក្រុម​បណ្ដោះ​អាសន្ន” (កង​កម្លាំង​ដែល​ប្រមូល​ផ្ដុំ​គ្នា​សម្រាប់​ការ​ប្រយុទ្ធ​គ្នា​នា​ឱកាស​នោះ) បាន​វាយ​ប្រហារ​កង​ទ័ព​ជើង​ទឹក​ថៃ​នៅ​កោះ​ចាង។ ទោះ​បី​ជា​កង​នាវា​ថៃ​មាន​ចំនួន​ច្រើន​ជាង​យ៉ាង​ខ្លាំង​ក៏​ដោយ ក៏​ប្រតិបត្តិការ​របស់​កង​ទ័ព​ជើង​ទឹក​បារាំង​នេះ​បាន​នាំ​មក​នូវ​ជ័យ​ជម្នះ​ដ៏​ធំ​ដល់​ប្រទេស​ជាតិ​ដែរ។

ក្រោយ​ពី​ការ​ប្រយុទ្ធ​នេះ មួយ​ផ្នែក​ធំ​នៃ​កង​ទ័ព​ជើង​ទឹក​ថៃ​ត្រូវ​បាន​កម្ទេច។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី ២៤ ខែ​មករា ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ចុង​ក្រោយ​បាន​កើត​ឡើង ខណៈ​ដែល​ការ​វាយ​ឆ្មក់​ផ្លូវ​អាកាស​របស់​ថៃ​បាន​វាយ​ប្រហារ​អាកាស​យាន​ដ្ឋាន​សៀមរាប។

ប្រទេស​ជប៉ុន​បាន​ធ្វើ​អន្តរាគមន៍​ភ្លាម​ៗ​នៅ​ក្នុង​ជម្លោះ​នេះ​ជា​ការ​គាំ​ទ្រ​ថៃ ហើយ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​មុន​ពេល​មាន​សន្ធិ​សញ្ញា​សន្តិភាព​មួយ​ដោយ​ធ្វើ​ឲ្យ​បារាំង​បោះ​បង់​ខេត្ត​កម្ពុជា​គឺ​ខេត្ត​បាត់ដំបង ខេត្ត​សៀមរាប ព្រមទាំង​ខេត្ត​របស់​ឡាវ​គឺ​ខេត្ត​ចំប៉ាសាក់ និង​ខេត្ត​សាយ៉ាបូរី នៅ​ថ្ងៃទី​៩ ខែ​ឧសភា។ ទឹកដី​ខេត្ត​ទាំង​នេះ​មាន​ទំហំ​ជាង ៥០.០០០​គីឡូមែត្រ​ការេ និង​មាន​ប្រជាជន​រស់​នៅ​ចំនួន ៤២០.០០០​នាក់។

ទោះ​ជា​យ៉ាង​ណា​ទឹក​ដី​ដែល​ត្រូវ​បាន​ដណ្ដើម​យក​ពី​កម្ពុជា​ទាំង​នេះ​ត្រូវ​បាន​ប្រទេស​ថៃ​ប្រគល់​មក​ឲ្យ​វិញ​នៅ​ខែ​វិច្ចិកា ឆ្នាំ​១៩៤៧ ក្រោម​ការ​គាប​សង្កត់​ពី​អន្តរជាតិ (សន្ធិសញ្ញា​ក្រុង​វ៉ាស៊ីនតាន)។

ប៉ុន្តែ​ពី​ឆ្នាំ ១៩៥៣ ទោះ​ជា​កម្ពុជា​ទើប​តែ​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​ក៏ដោយ ក៏​ទាហាន​ថៃ​បាន​ឈ្លាន​ពាន​ប្រាសាទ​ព្រះវិហារ ហើយ​បាន​លើក​ទង់ជាតិ​របស់​ពួកគេ​នៅ​ពី​លើ​ប្រាសាទ​ព្រះវិហារ​ដែរ។ ៩​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ ១៩៦២ ទឹក​ចិត្ត​ដ៏​ឈ្លាសវៃ​របស់​ព្រះ​អង្គម្ចាស់​ នរោត្ដម សីហនុ នៅ​ពេល​នោះ បាន​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​ទទួល​បាន​សេចក្ដី​សម្រេច​ជា​អន្តរជាតិ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្នុង​ទី​ក្រុង​ឡាអេ ហើយ​តម្រូវ​ឲ្យ​ពួក​ថៃ​ដក​ទ័ព​ចេញ​ពី​ប្រាសាទ​របស់​ខ្មែរ​នេះ។

ជា​អកុសល ការ​ដក​ទ័ព​របស់​ថៃ​នេះ​មាន​រយៈពេល​ខ្លី គឺ​សង្គ្រាម​បាន​កើត​ឡើង​បន្ទាប់​ពី​នោះ​បន្តិច​មក ហើយ​ប្រាសាទ​ព្រះ​វិហារ​ស្ថិ​នៅ​ក្នុង​ការ​គ្រប់​គ្រង​ចម្រុះ​ម្ដង​ទៀត គឺ​ប្រាសាទ​នេះ​ត្រូវ​បាន​កាន់​កាប់​ដោយ​ទាហាន​ដែល​បាន​ប្រយុទ្ធ​គ្នា​ជា​បន្ត​បន្ទាប់។

ក្រោយ​បន្តិច​ពី​ការ​យក​ជ័យ​ជម្នះ​លើ​ខ្មែរ​ក្រហម​នៅ​ឆ្នាំ ១៩៧៩ ជន​ភៀស​ខ្លួន​កម្ពុជា​បាន​ទៅ​រស់​នៅ​ប្រទេស​ថៃ​ជា​ច្រើន​នាក់ ហើយ​ដើម្បី​បង្ហាញ​ពិភពលោក​ថា​ខ្លួន​មិន​អាច​គ្រប់​គ្រង​ដោយ​គ្មាន​ជំនួយ​អន្តរជាតិ​នោះ ប្រទេស​ថៃ​បាន​រៀប​ចំ​ផែនការ​នូវ​អ្វី​ដែល​គេ​អាច​ចាត់​ទុក​ថា​អំពើ​ឃោរ​ឃៅ​ដែល​ត្រូវ​បាន​បង្កើត​ឡើង។

នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៨ ខែ​មិថុនា ឆ្នាំ​១៩៧៩ រថយន្ត​ធំៗ​ចំនួន ១១០​គ្រឿង​បាន​ចត​នៅ​ខាង​មុខ​ជំរុំ​ជន​ភៀស​ខ្លួន​ណងចាន់ ដែល​មាន​ជន​ភៀស​ខ្លួន​កម្ពុជា​រាប់​ម៉ឺន​នាក់​រស់​នៅ។

ក្រុម​មន្ត្រី​ថៃ​បាន​ប្រាប់​ជន​ភៀស​ខ្លួន​ទាំង​នោះ​ថា ពួក​គេ​នឹង​ត្រូវ​ផ្លាស់​ទៅ​ជំរុំ​មួយ​ទៀត​ដែល​ប្រសើរ​ជាង​នេះ។ តាម​ពិត អ្នក​រួច​ជីវិត​ពី​អំពើ​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហមទាំង​នោះ​ត្រូវ​គេ​បញ្ជូន​ត្រឡប់​ទៅ​ឋាន​នរក​វិញ។

ឆ្ងាយ​ពី​ជំរុំ​ណងចាន់ ទី​តាំង​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ជ្រើស​រើស​ជា​គោល​បំណង​ច្បាស់​លាស់​មួយ​ដើម្បី​ស្វែង​រកការ​សង​សឹក​ចំពោះ​ការ​បាត់​បង់​ប្រាសាទ​នេះ​នៅ​ឆ្នាំ ១៩៦២។ ដោយ​មាន​ទី​ចំណោត​ខ្ពស់​នៅ​តាម​ព្រៃ​ភ្នំ និង​មាន​មីន​រាប់​ពាន់​គ្រាប់​ដាក់​នៅ​ជុំវិញ​ប្រាសាទ​នេះ លទ្ធផល​នៃ​ការ​បង្ខំ​ឲ្យ​ជន​ភៀស​ខ្លួន​កម្ពុជា​រាប់​ពាន់​នាក់​ទាំង​នោះ​ចាក​ចេញ អាច​ត្រូវ​គេ​ប៉ាន់​ស្មាន​ដោយ​ងាយ​ស្រួល។

ជន​ភៀស​ខ្លួន​ដែល​មិន​មាន​សំណាង​ត្រូវ​បាន​គេ​នាំ​ចេញ​ពី​រថយន្ត​ទាំង​នោះ​ក្រោម​ការ​គំរាម​កំហែង​ប្រដាប់​អាវុធ​ជានិច្ច។ ឈុត​ឆាក​ដ៏​គួរ​ឲ្យ​រន្ធត់​បាន​កើត​ឡើង។ រយៈពេល​ពេញ​មួយ​យប់​ក្រោយ​ពី​ត្រូវ​បាន​គេ​លួច​អស់​នូវ​ឥវ៉ាន់​របស់​ពួក​គេ​ជា​មុន​នោះ ជន​ជាតិ​កម្ពុជា​ត្រូវ​បាន​គេ​ចាប់​រុញ​បញ្ចូល​រថយន្ត​ធំៗ​ដូច​ជា​សត្វ​នៅ​ចន្លោះ​ទាហាន​ពីរ​ជួរ​តាម​ច្រក​តូច​មួយ។ ទាហាន​ទាំង​នោះ​បាន​ប្រើ​អាវុធ​របស់​ពួក​គេ​ជា​ដំបង និង​បាញ់​ពួក​អ្នក​ដែល​មិន​ព្រម​ចូល​តាម​ច្រក​ចង្អៀត​នោះ។

ដោយ​មាន​ការ​ភ័យ​ខ្លាច​ដោយ​សារ​គិត​អំពី​ការ​ដើរ​ជាន់​មីន​ដែល​ត្រូវ​បាន​ខ្មែរ​ក្រហម​ដាក់​នៅ​ទី​នោះ​កាល​ពី​មុន​នោះ ជន​ភៀស​ខ្លួន​បាន​ប៉ុន​ប៉ង​មិន​បន្ត​ដំណើរ​ទៅ​មុខ។ ប៉ុន្តែ​ពួក​ថៃ​បាន​បន្ត​រុញ​ជន​ភៀស​ខ្លួន​ចេញ​កាន់​តែ​ច្រើន​នៅ​តាម​ផ្លូវ ហើយ​បាន​បង្ខំ​ឲ្យ​ពួក​គេដើរ​កាត់​វាល​មីន។

ដោយ​ស្រក​ទឹក​ផង និង​ឃ្លាន​ផង​នោះ ក្រុម​អ្នក​រួច​ជីវិត​ពី​អំពើ​ឃោរឃៅនេះ​ត្រូវ​ការ​ពេល​បី​ថ្ងៃ​ដើម្បី​ឆ្លង​កាត់​វាល​មីន​ដ៏​ធំ​នេះ ដែល​ពោរពេញ​ដោយ​សាក​សព​រលួយ​និង​ជន​រង​គ្រោះ​ដែល​ស្រែក​រវើរវាយ​ដោយ​ការ​ឈឺ​ចាប់។

គេ​ប៉ាន់​ប្រមាណ​ថា​ប្រជាជន​កម្ពុជា​ជាង ៤៥.០០០​នាក់​ ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​ថៃ​តាម​របៀប​នេះ។ អស់​រយៈពេល​ជាច្រើន​ថ្ងៃ ជន​ភៀស​ខ្លួន​ទាំង​នោះ​ត្រូវ​បាន​ដឹក​ទៅ​កាន់​ឋាន​នរក​តាម​រថយន្ត​ធំៗ​ជាច្រើន​គ្រឿង ដែល​បាន​ទម្លាក់​ពួក​គេ​ចោល​នៅ​ព្រះវិហារ។ គេ​នៅ​តែ​មិន​អាច​វាយ​តម្លៃ​បាន​អំពី​ចំនួន​អ្នក​របួស​និង​ស្លាប់​ដោយ​សារ​ការ​បណ្តេញ​ចេញ​នេះ ពី​ព្រោះ​ខ្មែរ​ក្រហម​ដែល​រង់ចាំ​ស្វាគមន៍​ជន​ភៀស​ខ្លួន​ទាំង​នេះ​មិន​បាន​កត់​ត្រា​ទុក​ទេ។

ជា​ញឹក​ញាប់ ទំព័រ​ប្រវត្តិសាស្ត្រ​ដ៏​អាក្រក់​នេះ​ត្រូវ​បាន​គេ​ធ្វើ​មិន​ដឹង​មិនឮ ហើយ​គេ​រក្សា​រូបភាព​ដែល​សរសេរ​ពាក្យ “ប្រទេស​ថៃ​ដ៏​អស្ចារ្យ” នៅ​ក្នុង​កូន​សៀវភៅ​ឃោសនា​អំពី​ទេសចរណ៍​សព្វ​ថ្ងៃ​នេះ។

ការ​ប្រព្រឹត្ត​ខុស​របស់​ពួក​ថៃ​ចំពោះ​ខ្មែរ​ទាំង​នោះ គួរ​ត្រូវ​គេ​ចង​ចាំ ដោយ​មិន​ត្រូវ​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រឆាំង​គ្នា​ឡើយ ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​គេ​អាច​រក​យុត្តិធម៌​បាន​នៅ​ទី​បំផុត។

ទុក​ឲ្យ​គេ​និយាយ​ថា ប្រជាជន​កម្ពុជា​មិន​វាយ​ប្រហារ​នរណា​ម្នាក់​ទេ។ ពួក​គេ​ដឹង​ច្បាស់​ណាស់​ថា តុល្យភាព​នៃ​អំណាចមិន​មែន​ជា​ប្រៀប​របស់​ពួក​គេ​ទេ។ ទោះ​ជា​យ៉ាង​ណា ពួក​គេ​ប្ដេជ្ញា​ការពារ​ប្រទេស​របស់​ពួក​គេតាម​រយៈសេចក្ដី​ក្លាហាន និង​ការ​តាំង​ចិត្ត។ ពួកគេ​គ្មាន​ជម្រើស​ផ្សេង​ទៀត​ឡើយ។

ប៉ុន្តែ​ប្រទេស​ថៃ​មាន​បញ្ហា​នយោបាយ​ផ្ទៃ​ក្នុង​ច្រើន​ពេក​មិន​អាច​មិន​ព្យាយាម​កេង​ចំណេញ​លើ​រឿង​ប្រឌិត​សម្ព័ន្ធភាព​ជាតិ​ដ៏​ពិសិដ្ឋ​មួយ​ប្រឆាំង​នឹង​អ្នក​ជិត​ខាង​តាម​របៀប​ឃោរឃៅ​របស់​ខ្លួន និង​ការ​ស្លាប់​មនុស្ស​ពី​អតីតកាល​នឹង​មិន​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ឡើយ។

សោកនាដកម្ម​ប្រវត្តិសាស្ត្រ​នេះ​មិន​ងាយ​បញ្ចប់​សោះ​ឡើយ ហើយ​មិន​ទំនង​ជា​មាន​ការ​បញ្ចប់​ដោយ​ល្អ​ទេ។

ពលរដ្ឋ​អាមេរិក​មិន​ចូល​ចិត្ត​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទេ ទើប​មិន​គាប​សង្កត់​លើ​ដៃ​គូ​ថៃ​របស់​ពួក​គេ​ឲ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី។ ហើយ​វា​មិន​ទំនង​ទេ​ដែល​ថា​បារាំង​នឹង​បញ្ជូន​នាវា​របស់​ពួក​គេ​មក​ប្រឆាំង​ក្រុង​បាងកក​ម្តង​ទៀត​នោះ។

លោក Pierre Yves Clais បាន​រស់​នៅ​អស់​រយៈពេល ១៧​ឆ្នាំ​​ក្នុង​ប្រទេស​កម្ពុជា ជា​ទី​ដែល​គាត់​បាន​មក​ដល់​ជា​លើក​ដំបូង​ដោយ​ធ្វើ​ជា​ទាហាន​ប៉ារ៉ា​របស់​បារាំង​នៅ​សម័យ​អ៊ុនតាក់។ ជា​អ្នក​ឯកទេស​ផ្នែក​ទេសចរណ៍ គាត់​ជា​អ្នក​និពន្ធ​ធ្វើ​ដំណើរ និង​មាន​ផ្ទះ​សំណាក់ Terres Rouges Lodge ជាមួយ​ប្រពន្ធ​របស់​គាត់​នៅ​ក្នុង​ខេត្ត​រតនគិរី។

 
1 Comment

Posted by on July 10, 2009 in Khmer History

 

Tags: , , , , , , , , , ,

One response to “ក្រឡេក​មើល​ជម្លោះ​ប្រាសាទ​ព្រះ​វិហារ​ជាមួយ​នឹង​ប្រវត្តិសាស្ត្រ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: