RSS

ស្នេហ៍មិនអាចបំភ្លេចបាន

សំឡឹងទេសភាពនៅលើខ្នងភ្នំ
ស្តាប់សត្វយាសយំលើដើមរុក្ខា
សាសងកៀកកើយណែបនិតកាយា
ឈ្មោលញីក្លៀវក្លាឥតមានខ្វល់អ្វី។

ខ្នងភ្នំជីសូរប្រាសាទបុរាណ
វិហារល្អល្អានវត្តស្រស់ប្រឹមប្រិយ
រុក្ខជាតិបៃតងមានវែងមានខ្លី
ឯដើមឬស្សីដុះប្រជ្រៀតថ្ម។

សំឡឹងទៅកើតពីមុខប្រាសាទ
ឃើញបឹងស្រស់ស្អាតព្រលឹតលម្អ
ផ្កាក្រហមឆ្អៅរីកនៅកំដរ
ឱបឹងកម្របវរម្លេះទេ។

វាលស្រែល្វឹងល្វើយទឹកដក់ថ្មីៗ
មេឃទើបប្រណីផ្តល់ភ្លៀងមួយមេ
ដីសើមស្មៅលាល់ផ្គរលាន់បំពេរ
កសិករខ្មែរភ្ជួររាស់កាប់ឆ្ការ។

អាកាសត្រជាក់ជំនោររំភើយ
តែប្រាណខ្ញុំអើយនៅតែក្តៅផ្សារ
នឹករឿងអឌិតខ្ញុំនិងកន្និដ្ឋា
ពេលនេះប្រេះឆាបែកផ្លូវរៀងៗ។

ទីភ្នំនេះហើយយើងមកកំសាន្ត
យើងទាំងពីរប្រាណល្អូកល្អឺនឥតល្អៀង
ពាក្យយើងចរចាផ្អែមជាងចម្រៀង
ស្រណោះសំនៀងស្រីស្តីឆ្លើយឆ្លង។

អនុស្សាវរីយ៍ហាក់នៅស្រស់ៗ
បងនៅអាឡោះអាល័យនួនល្អង
នឹកពេលវេលាយើងពីរត្រសង
នឹកគ្រប់កម្រងស្នេហាភក្តី។

វិហារនេះហើយយើងធ្លាប់សំពះ
សុំពរពីព្រះរក្សាស្នេហ៍ថ្មី
ព្រមទាំងសច្ចាជាតិណាជាតិណី
ជួបគ្នាជាប្តីប្រពន្ធមិនសូន្យ។

អ្នកតាអារក្សលោកដឹងរឿងពិត
យល់ជម្រៅចិត្តបងចំពោះអូន
ស្នេហ៍ស្មោះប្រពៃដូចទឹកនិងក្បូន
សណ្តោងសណ្តូនរកត្រើយឥតហ្មង។

ផ្កាឈូកយើងកាច់ក្បាច់ថ្វាយព្រះពុទ្ធ
ជង្គង់យើងលុតសំពះត្រសង
បិទភ្នែកបួងសួងសុំស្នេហ៍អូនបង
សម្រេចបំណងរៀបការនឹងគ្នា។

លោកប្រសទឹកមន្តជូនពរយើងទ្វេ
អូននៅចាំទេនៃពេលវេលា
យើងទទួលពរសំពះព្រមគ្នា
សាធុរួចលាដើរមើលរុក្ខា។

ឈើធំបាំងម្លប់ត្រជាក់ត្រឈៃ
បងកៀកស្មាស្រីក្រោមមែឃសាខា
នាមុខរូងភ្នំក្បែរខ្ទមអ្នកតា
លើផ្ទាំងថ្មដាថ្លៃវិសេសពិត។

កាយយើងកៀកគ្នាចិត្តយើងតែមួយ
រូបអូនជាត្រួយពន្លកជីវិត
ពេលអូនកើតទុក្ខប្រាណបងរួមរឹត
អូនសប្បាយចិត្តទ្រូងបងរសាយ។

ភ្នំជីសូរអើយធំខ្ពស់សន្លឹម
តែមិនអាចផ្ទឹមចិត្តស្នេហ៍ឆោមឆាយ
ដែលបងប្រគល់ជូនអូនមិនស្តាយ
សាច់ឈាមចិត្តកាយជូនអូនដោយស្មោះ។

ប៉ុន្តែពេលនេះអូនឃ្លាតឆ្ងាយហើយ
ទុក្ខបងឥតស្បើយព្រោះនៅអាឡោះ
អាល័យនួនល្អងគ្មានពេលចន្លោះ
ស្រណោកស្រណោះព្រោះស្នេហ៍និរាសន៍។

ថ្ងៃ១០កក្កដាឆ្នាំ២០០៥
ជាថ្ងៃរងកម្មមិនអាចបញ្ជៀស
អូនចូលរោងការក្រាបផ្ទឹមសំពះ
បេះដូងវិនាសរន្ធត់ខ្លោចផ្សារ។

អូនសើចញញឹមបងយំអួលអាក់
ទឹកភ្នែកបងធ្លាក់ព្រោះនឹកកន្និដ្ឋា
នឹកពេលថ្នាក់ថ្នមបីបមកាយា
ពេលនេះទងផ្កាមានម្ចាស់ថែថ្មី។

គួរណាស់អូននឹកគ្រប់គ្រាកំសត់
អនុស្សារជូរចត់បងសាងនិងស្រី
យើងបានហែលឆ្លងទាំងនៅក្មេងខ្ចី
ឬក៏អ្វីៗហាក់ដូចជាផ្សែង។

តែក៏គួរគិតដល់គ្រាសប្បាយ
បងនៅក្បែរកាយគ្រប់ទីកន្លែង
ត្រើយម្ខាងព្រែកលាភខ្ទមស្បូវបាក់ខែង
កៀកកើយប្រឡែងផ្តោះផ្តងវាចារ។

វត្តវិហារសួគ៌យើងទៅសំពះ
អុជធូបផ្វាយព្រះមានទាំងបាច់ផ្កា
ពេលចប់សព្វគ្រប់យើងចរយាត្រា
មើលស្រះទឹកផ្លាចំហៀងវិហារ។

អូនចាំបានទេតាមផ្លូវមកផ្ទះ
ភ្លៀងច្រើនខ្លាំងណាស់អូនថារងា
បងកៀកស្មាអូនឥតមានរួញរា
ដើម្បីពុំងារអូនបានកក់ក្តៅ។

កំបូលផ្លូវបត់យើងទៅវត្តស្រង់
ថ្វាយបង្គំសង្ឃស្តាប់ពាក្យប្រដៅ
លោកទទួលយើងហាក់ដូចកូនចៅ
រួចចាប់សៀវភៅគន់គូរពាលា។

លោកមើលបាតដៃរួចមានដីកា
ថាចៅទ្វេហាជាគូនឹងគ្នា
តែត្រូវអត់ធ្មត់នូវរឿងគ្រប់គ្រា
បើពុំនោះជាគ្មានវាសនាឡើយ។

ពាក្យលោកផ្តែផ្តាំពៅនៅចាំទេ
ឬក៏មាសមេអូនភ្លេចអស់ហើយ
ឬធ្វើបំភ្លេចនិងធ្វើតោះតើយ
ឬស្រស់ត្រាណត្រើយមានរឿងញាំញីរ។

អនុស្សារច្រើនណាស់យើងបានកសាង
ព្រែកតូចភ្នំស្អាងតាម៉ៅបាទី
ភ្នំរាបប្រសិទ្ធិឧត្តុង្គគិរី
អ្នកលឿងគគីរព្រែកឯងគៀនស្វាយ។

បងនៅមិនភ្លេចគ្រប់គ្រាកន្លង
ទោះជាចំណងស្នេហ៍ព្រាត់ពីកាយ
បន្សល់ទុកស្នាមនិងក្តីសោកស្តាយ
ឯយើងឃ្លាតឆ្ងាយៗហួសនិស្ស័យ។

និពន្ធដោយ Cool Love សម្រួលចុងក្រោយ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៦។

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: