RSS

Tag Archives: អត្ថបទ

បទ​ចម្រៀង “ពង្សាវតារខ្មែរ” ទទួល​បាន​ការ​ចាប់​អារម្មណ៍​ឡើង​វិញ

ក្រោយ​ព្រឹត្តិការណ៍​សំខាន់ៗ​មួយ​ចំនួន​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មិថុនា ឆ្នាំ​នេះ​មក ដូចជា ព្រឹត្តិការណ៍​រំឭក​ខួប​អនុស្សាវរីយ៍​ឆ្នាំ​ទី ៤៦ ថ្ងៃ​ដែល​ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​តុលាការ​ក្រុង​ឡាអេ​សម្រេច​ប្រគល់​ឲ្យ​ខ្មែរ​វិញ ដែល​រៀបចំ​ដោយ​អង្គការ​សមាគម​ខ្មែរ​ចំនួន​ប្រាំបួន កាល​ពី​ថ្ងៃទី ១៥ មិថុនា ២០០៨ និង​ព្រឹត្តិការណ៍​ដ៏​មាន​មោទនភាព​ដែល​គណៈកម្មការ​បេតិកភ័ណ្ឌ​ពិភពលោក​សម្រេច​ជា​ឯកច្ឆន្ទដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដែល​ត្រូវ​បាន​រៀបចំ​ជា​បន្តបន្ទាប់​ដោយ​អង្គការ​សមាគម​ខ្មែរ ស្ថានីយ៍​ទូរទស្សន៍ស៊ីធីអិន អាជ្ញាធរដែនដី សាលាក្រុង​ភ្នំពេញ និង​ស្ថានីយ៍​ទូរទស្សន៍​បាយន្ត​កាល​ពី​ពេល​ថ្មីៗ​នេះ យើង​សង្កេត​ឃើញ​ថា បទ​ចម្រៀង “ពង្សាវតារខ្មែរ” ដែល​បាននិពន្ធ​ឡើងដោយ​ សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ព្រះ​មហា​វរបុរស​អក្សរសាស្រ្ត​ខ្មែរ ចាប់​ផ្តើម​ល្បីល្បាញ និង​ជាទី​ចាប់​អារម្មណ៍​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​ចាស់​ទាំង​ក្មេង។

យើង​សង្កេត​ឃើញ​ថា ពី​មុន​មក បទ​នេះ​ហាក់​បី​ដូច​ជា​ត្រូវ​បាន​គេ​បំភ្លេច​ចោល។ យើង​កម្រ​នឹង​ស្តាប់​ឮ​បទ​នេះ​តាម​វិទ្យុ ឬ​ទូរទស្សន៍​ណាស់។ ប៉ុន្តែ​ព្រឹត្តិការណ៍​សង្គម បាន​បង្វែរ​ស្មារតី​កូន​ខ្មែរ​ឲ្យ​មាន​មោទនភាព​ជា​ខ្មែរ ស្រឡាញ់​សម្បត្តិ​វប្បធម៍​ខ្មែរ រួច​បាន​ជ្រើស​រើស​បទ​មួយ​នេះដាក់​ក្នុង​របៀប​វារៈ ដែល​ទទួល​បាន​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​សាធារណជន​ខ្មែរ។

ចម្រៀង “ពង្សាវតារខ្មែរ” ពិត​ជា​មាន​អត្ថន័យ​ធំធេង ល្អ​វិសេសវិសាល បង្កប់​នូវ​មនោ​សញ្ចេតនា​ស្នេហា​ជាតិ​មាតុភូមិ បណ្តុះ​គំនិត​ជាតិ​និយម បង្ហាញ​មោទនភាព​ដែល​បាន​កើត​ជា​កូន​ខ្មែរ រស់​នៅ​លើ​ទឹកដី​ខ្មែរ​ដែល​បាន​បន្សល់​ទុក​មក​ពី​ដូនតា​រាប់​រយ​ជំនាន់​ ហើយ​បាន​ទូន្មាន​ខ្មែរ​ទាំង​អស់​ឲ្យ​ខិតខំ​តាំង​ចិត្ត​​ក្លាហាន ដើម្បី​ថែរក្សា និង​លើក​តម្កើង​ជាតិ​សាសន៍​របស់​ខ្លួន​ឲ្យ​ល្បី​ល្បាញ​ដូច​ពី​សម័យ​អង្គរ​ដ៏​រុងរឿង​។

ខាង​ក្រោម​នេះ ជា​អត្ថបទ​ចម្រៀង​ទាំង​ស្រុង​ នៃ “ពង្សាវតារខ្មែរ”

១» ខ្មែរអើយចូរចាំជាក់ថា តាមសាវតារ ជាតិខេមរា ធ្លាប់តែថ្កើង ទឹកដីខ្មែរធំ ទូលំទូលាយ សព្វសាយរុងរឿង គេឯងតែងលើកតម្កើង តម្កល់ជាតិយើង ចាត់ទុកឡើងជាជាតិច្បង។

២» អារ្យធម៌ខ្ពង់ខ្ពស់ឆើយឆាយ បានចេញផ្សព្វផ្សាយ គ្រប់ទិសទាំងឡាយ ចុងបូព៌ា សាសនាសិល្បៈ ចម្លាក់​វិចិត្រ គំនិតសិក្សា តន្ត្រីទស្សនវិជ្ជា អាចយកសិក្សា ជាគោលការណ៍ដែលខ្មែរផ្សាយទៅ។

៣» ខ្មែរអើយចូរស្តាប់សាវតារ ដែលបានចរចារ បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង តាំងចិត្តឲ្យមាំ ខិតខំប្រឹងវិញ បញ្ចេញតម្កើង តម្លៃ នៃជាតិខ្មែរយើង ឲ្យបានរុងរឿង ជាថ្មីឡើងតាមសាវតារ។

 
Leave a comment

Posted by on July 16, 2008 in Social Events

 

Tags: , , ,